ភ្នំពេញ៖ មិនប៉ុន្មានខែទៀតទេ ពោលគឺនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ផលិតផលកសិកម្មរបស់កម្ពុជាចំនួន៣ប្រភេទ រួមមានអង្ករ ម្រេច និងគ្រាប់ស្វាយចន្ទី និងមានវត្តមានក្នុងពិព័រណ៍ពាណិជ្ជកម្ម ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ស្របពេលមានក្រុមហ៊ុនកម្ពុជាជាង ១០០ផ្សេងទៀតបានចូលរួម ដែលជាឱកាសបើកឱ្យមានការពិភាក្សាអំពីការវិនិយោគ ផងដែរ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គកុងស៊ុលកម្ពុជាប្រចាំកាលីហ្វ័រនីញ៉ា កាលពីថ្ងៃទី១ ខែមិថុនា លោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងឡុងប៊ិច បានលើកឡើងថា ពិព័រណ៍នេះ គឺជាវេទិការរបស់កម្ពុជា ក្នុងការបង្ហាញពីផលិតផលចម្រុះរបស់ខ្លួន ទៅកាន់ទីផ្សារអាមេរិក ហើយអ្នកចូលរួមមានឱកាសស្វែងយល់ និងភ្លក់ ផលិតសក្ដានុពលរបស់ខ្មែរមួយចំនួនដូចជា មុខម្ហូបខ្មែរ ជាពិសេស អង្ករ ម្រេច គ្រាប់ស្វាយចន្ទី និងផលិតផលប្លែកៗជាច្រើនទៀត។
ពិព័រណ៍នេះ គ្រោងធ្វើឡើងនៅ The Holiday Inn ទីក្រុងឡុងប៊ិច ថ្ងៃទី៩ ខែវិច្ឆិកា ដោយបើកចំហដើម្បីឱ្យមានការពិភាក្សាអំពីឱកាសវិនិយោគនៅក្នុងទីផ្សារអាម៉េរិក ផងដែរ។
ជាមួយគ្នានេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានការរីកចម្រើនខ្លាំង។ ជាក់ស្ដែង នៅឆ្នាំ២០២១ អាម៉េរិក បាននាំចូលផលិតផលកម្ពុជាកើនឡើងដល់ ៨.៧ ពាន់លានដុល្លារ ខណៈការនាំចេញរបស់អាម៉េរិកមានចំនួន ៤១៤លានដុល្លារ។
គួរបញ្ចាក់ផងដែរថា ការនាំចូលសំខាន់ៗរបស់សហរដ្ឋអាមេរិកពីកម្ពុជា ភាគច្រើនរួមមាន សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលផ្តល់ការងារដល់ប្រជាជនកម្ពុជាជាង១លាននាក់ ដែលភាគច្រើនជាស្ត្រី ដោយឡែកការនាំចេញដ៏គួរឱ្យកត់សម្គាល់របស់អាម៉េរិក មកកម្ពុជាវិញ រួមមានយានជំនិះ ចំណីសត្វ និងសេវាឌីជីថលជាដើម៕