Alynana Media Cambodia
Icon Collap
clinic narit

នាវាផ្ទុកយន្តហោះចម្បាំងចិន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់, នេះបើតាមការអះអាងរបស់ទីក្រុងតៃប៉ិ

Media LNN | Jun 21, 2023
នាវាផ្ទុកយន្តហោះចម្បាំងចិន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់, នេះបើតាមការអះអាងរបស់ទីក្រុងតៃប៉ិ
Clinic narith

(តៃប៉ិ)៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃពុធនេះថា នាវាយោធាចិនមួយក្រុម ដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង សានទុង (Shandong) បានចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងគ្រាដែលភាពតានតឹងកំពុងកើនឡើងជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នាវាផ្ទុកយន្តហោះចម្បាំង Shandong ដែលត្រូវបានចិនចាប់ផ្តើមប្រើប្រាស់កាលពីឆ្នាំ២០១៩ បានធ្វើដំណើរក្នុងទិសដៅឆ្ពោះទៅភាគខាងត្បូង កាត់តាមតំបន់ភាគខាងលិចនៃច្រកសមុទ្រតៃវ៉ាន់ ហើយខ្លួនបានចល័តកងកម្លាំងពាក់ព័ន្ធ ឱ្យឃ្លាំមើលសកម្មភាពរបស់ក្រុមនាវាយោធាចិនទាំងនោះ។

កាលពីខែមេសា ឆ្នាំនេះ នាវាផ្ទុកយន្តហោះចម្បាំងខាងលើ បានចូលរួមក្នុងការធ្វើសមយុទ្ធយោធារបស់ចិន នៅក្បែរកោះតៃវ៉ាន់ផងដែរ ដោយវាបានធ្វើប្រតិបត្តិការ នៅតំបន់ភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក។ រីឯកាលពីខែមីនា ឆ្នាំមុន ទីក្រុងប៉េកាំងបានចល័តនាវាផ្ទុកយន្តហោះចម្បាំង Shandong ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលប្រធានាធិបតីចិន លោក ស៉ី ជិនពីង ត្រូវពិភាក្សា​គ្នា ជាមួយ​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្បែរតៃវ៉ាន់ ដើម្បីជាការព្យាយាមដាក់សម្ពាធឱ្យ​ទីក្រុងតៃប៉ិ ទទួលយកការទាមទារអធិបតេយ្យរបស់ខ្លួន។ តៃវ៉ាន់ត្រូវបានទីក្រុងប៉េកាំងចាត់ទុកជា ផ្នែកដែលអាចកាត់ផ្តាច់បានរបស់​ប្រទេសចិន ហើយចិនមិនដែលបោះបង់ចោល នូវជម្រើសរើសនៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាជាមួយដែនកោះនេះ​ឡើយ។ យ៉ាងណាមិញ ទីក្រុងតៃប៉ិបានច្រានចោលយ៉ាងម៉ឹងម៉ាត់ ចំពោះការទាមទាររបស់ចិន ហើយបានប្តេជ្ញាការពារខ្លួនឱ្យអស់ពីលទ្ធភាព ប្រសិនបើត្រូវរង​ការវាយប្រហារពីចិន នាពេលអនាគត៕