Alynana Media Cambodia
Icon Collap
clinic narit

សន្ទុះសេដ្ឋកិច្ច ចិន ធ្លាក់ចុះខ្លាំងនៅក្នុងកំឡុងខែឧសភា

Media LNN | Jun 21, 2023
សន្ទុះសេដ្ឋកិច្ច ចិន ធ្លាក់ចុះខ្លាំងនៅក្នុងកំឡុងខែឧសភា
Clinic narith

នៅដើមឆ្នាំនេះសេដ្ឋកិច្ចចិនចាប់ផ្តើមមានកំណើនស្ទុះឡើងវិញគួរឲ្យកត់សម្គាល់ ប៉ុន្តែរហូតដល់ខែ​​ឧសភា សេដ្ឋកិច្ចរបស់ប្រទេសមួយនេះ បែរជាមានការធ្លាក់ចុះ​ទៅវិញ ជាពិសេសលើផលិតផល​ឧស្សាហកម្ម និងការលក់រាយដែល​មិនអាចសម្រេចបានតាមការព្យាករណ៍ទុកពីមុន ។ចូលមកដល់ត្រីមាសទី២ សេដ្ឋកិច្ចចិនហាក់បីដូចជាបាត់បង់សន្ទុះដែលជំរុញឲ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់សំខាន់ៗមួយចំនួន ។

620a68d2f1eea69a2fd80c0763787690-49 យោងតាមទិន្នន័យស្ថិតិជាតិបានឲ្យដឹងថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៣.៥ ភាគរយក្នុងខែឧសភា ប៉ុន្តែយឺតជាងខែមេសាដែលមានដល់ ៥.៦ ភាគរយ ហើយក៏ទាបជាងការព្យាករណ៍របស់សារព័ត៌មាន Reuters ដែលមាន ៣.៦ ភាគរយ ។ ជាមួយគ្នានេះ ការលក់រាយនៅក្នុងខែឧសភា សម្រេចបានតែ ១២.៧ ភាគរយប៉ុណ្ណោះ ដែលទាបជាងខែមេសាមានដល់ ១៨.៤ ភាគរយ ។

ទន្ទឹមនោះ កំណើនប្រាក់កម្ចី និងការលក់ផ្ទះ ក៏កំពុងបង្ហាញពីភាពទន់ខ្សោយសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ របស់ពិភពលោកមួយនេះផងដែរ ខណៈទិន្នផលដែកថែបបានធ្លាក់ចុះដូចគ្នានៅក្នុងខែឧសភា ចំណែកទិន្នផលធ្យូងថ្មប្រចាំថ្ងៃ បានធ្លាក់ចុះទាបជាងខែមេសាផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុន Jones Lang LaSalle បាននិយាយថា តម្រូវការក្នុងស្រុកមិនគ្រប់គ្រាន់ និងតម្រូវការខាងក្រៅដែលកំពុងធ្លាក់ចុះ អាចរំខានដល់សន្ទុះសេដ្ឋកិច្ចក្នុងប៉ុន្មានខែខាងមុខ ដែលធ្វើឲ្យចិនមានគន្លងនៃការងើបឡើងវិញបន្តិចម្ដងៗតាមរាងអក្សរ U ។

ស្របពេលជាមួយគ្នានេះ ចិនក៏ត្រូវការពេលវេលារយៈពេល ២ ទៅ ៣ ឆ្នាំទៀត ជាមួយនឹងកំណែទម្រង់តាមរយៈការបន្ថូរបន្ថយគោលនយោបាយទ្រង់ទ្រាយធំ ដើម្បី​ជួយ​ដល់​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ ស្របពេលប្រាក់យ័នបានធ្លាក់ទាបដូចគ្នាក្នុងរយៈពេល ៦ ខែកន្លងមកនេះ ។ ដោយឡែក ចំពោះវិស័យអចលនទ្រព្យដែលជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់ ក៏កំពុងមានភាពច្របូកច្របល់ដូចគ្នាផងដែរ ។តាមទិន្នន័យ​ក្នុងរយៈពេល ៥ ខែមក​នេះ ចិនបានអនុម័តគម្រោងវិនិយោគទ្រព្យសកម្មថេរចំនួន ៧០ ដងដែលមានទឹកប្រាក់ប្រហែល ៩៣.៥៩ ពាន់លានដុល្លារ ។ គម្រោងទាំងនេះភាគច្រើនស្ថិតនៅក្នុងឧស្សាហកម្ម  បច្ចេកវិទ្យា ថាមពល និងការដឹកជញ្ជូន ។

ជាចុងក្រោយទិន្នន័យពីការិយាល័យស្ថិតិជាតិបានឲ្យដឹងទៀតថា គ្រាន់តែនៅក្នុងខែឧសភាតែមួយ ចិនមានគម្រោងរហូតដល់ទៅ ១៤ ដែលមានតម្លៃជាង ៤០ ពាន់លានដុល្លារត្រូវបានអនុម័ត ហើយការវិនិយោគទ្រព្យសកម្មថេរ ដែលជាកត្តាជំរុញមួយនៃសេដ្ឋកិច្ចចិន បានកើនឡើង ៤ ភាគរយ នៅក្នុងអំឡុងខែមករាដល់ខែឧសភា ៕