ប្រទេសថៃកំពុងបង្កើនការប្រកួតប្រជែងការនាំចេញអង្ករដើម្បីបំពេញតម្រូវការទីផ្សារ ហើយថែមទាំងប្តេជ្ញាផលិត និងសម្រេចឲ្យបានពូជស្រូវថ្មីចំនួន ៣០ ប្រភេទផងដែរសម្រាប់នៅឆ្នាំក្រោយ ។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បាននិយាយថា ចំណុចខ្សោយមួយរបស់ថៃ គឺកង្វះភាពចម្រុះនៃផលិតផលអង្ករនៅលើទីផ្សារ ដែលជំរុញឲ្យថៃពន្លឿនការអភិវឌ្ឍន៍ពូជស្រូវថ្មីដើម្បីប្រកួតជាមួយគូប្រជែង ។
ដូចនេះ ថៃបានរៀបចំផែនការរយៈពេល ៥ ឆ្នាំ ដើម្បីសម្រេចឲ្យបានការអភិវឌ្ឍពូជស្រូវថ្មីចំនួន ៣០ ប្រភេទនៅឆ្នាំ ២០២៤ ហើយនៅឆ្នាំក្រោយ ថៃបានកំណត់ការអភិវឌ្ឍន៍ពូជស្រូវថ្មីសម្រាប់ធ្វើពាណិជ្ជកម្មចំនួន ១២ ប្រភេទទៀតដោយក្នុងចំណោមពូជថ្មីនោះ មាន ៤ ប្រភេទជាគ្រាប់អង្កររឹង, ៤ ប្រភេទជាប្រភេទអង្ករទន់, ២ ប្រភេទជាអង្ករក្រអូបថៃ និង ២ ប្រភេទទៀតជាអង្ករមានជីវជាតិខ្ពស់ ខណៈមកដល់ពេលនេះ ថៃសម្រេចបាន ២១ ប្រភេទរួចទៅហើយ ។បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងទៀតថា ឆ្នាំនេះថៃដាក់គោលដៅប្រជែងយកតំណែងពីវៀតណាមវិញ ដោយសារតែឥណ្ឌា និងវៀតណាម គឺជាប្រទេសលំដាប់លេខ ២ នាំចេញអង្ករធំបំផុតទៅកាន់ទីផ្សារពិភពលោក ។
ដោយឡែកប្រធានសមាគមនាំចេញអង្ករថៃ ក៏បានឲ្យដឹងដែរថា នៅឆមាសទី២ ថៃដាក់ក្ដីរំពឹងនឹងនាំចេញអង្ករដែលមានទាំងបរិមាណច្រើន និងគុណភាពខ្ពស់ ខណៈនៅក្នុងឆមាសទី១ ថៃសម្រេចបានការនាំចេញអង្ករចំនួន ៤ លានតោន ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ថៃបាននាំចេញអង្ករចំនួន ៧.៧ លានតោន ហើយរំពឹងនឹងសម្រេចឲ្យបានចំនួន ៨ លានតោននៅឆ្នាំនេះ ៕