ភ្នំពេញ៖ ចំណតផែរណបពហុបំណងថ្មីចំនួនពីរ របស់កំពង់ផែស្វយ័តភ្នំពេញ និងផ្តល់ឱកាសដល់អ្នកដឹកជញ្ជូន អាចដឹកជញ្ជូនពីតំបន់ ដែលមានសក្តានុពល ដឹកត្រង់ទៅកាន់កំពង់ផែស្វយ័តភ្នំពេញ ដោយកាត់បន្ថយថ្លៃដឹកជញ្ជូនទាបជាងមុន និងផ្តល់សេវាកម្មដឹកជញ្ជូនកាន់តែប្រសើរ ជាពិសេសអាចបញ្ចេញទំនិញបានលឿន។
ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លើកឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់សាកល្បង នូវចំណតផែចំនួនពីរទីតាំង គឺចំណតផែរណបពហុបំណង UM2 ស្ថិតនៅឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ និង ចំណតផែរណបពហុបំណង LM26 ស្ថិតនៅឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៣ នេះថា ចំណតផែរណបពហុបំណងថ្មីចំនួនពីរនេះ នឹងផ្តល់ឱកាសឱ្យបងប្អូនអាចមកទទួលធ្វើការដឹកជញ្ជូនទំនិញពីតំបន់ដែលមានសក្តានុពលដូចជា លើផ្នែកកសិកម្ម និងឧស្សាហកម្មជាដើម ដោយការដឹកជញ្ជូននេះ គឺអាចដឹកជញ្ជូនត្រង់មកកាន់កំពង់ផែស្វយ័តភ្នំពេញ ចំណតផែកុងតេន័រថ្មី LM17 ដោយមិនចាំបាច់ធ្វើការលើកដាក់ម្តងទៀតនោះឡើយ, ជាពិសេសអាចបន្តការដឹកជញ្ជូនទៅប្រទេសវៀតណាម ដែលជាកំពង់ផែឆ្លងកាត់ នឹងទៅកំពង់ផែទិសដៅផ្សេងៗទៀតបានយ៉ាងងាយស្រួល។
កំពង់ផែនេះដែរ គឺមានបំណង ធ្វើយ៉ាងណាផ្តល់សេវាកម្មដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព មានន័យថា ជាការដឹកជញ្ជូនត្រង់ ហើយផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់អាចបញ្ចេញទំនិញបានលឿន និងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនជាដើម។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ជុំវិញការដឹកជញ្ជូននេះ ទោះបីមានការលើកទំនិញពីរដង សម្រាប់យកទៅស្កេននៅកំពង់ផែ ស្វយ័តភ្នំពេញ ចំណតផែកុងតឹន័រថ្មី LM17 ក៏មិនមានគិតថ្លៃសេវាបន្ថែមនោះដែរ ដែលជួយដល់អ្នកដឹកជញ្ជូន ដល់ម្ចាស់ចម្ការ សម្រួលដល់អ្នកនាំចេញ និងកសិករ ។
សូមបញ្ជាក់ថា គម្រោងនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះរួមមាន គឺជាការជំរុញការដឹកជញ្ជូនទៅកាន់អន្តរជាតិ តាមផ្លូវទឹក ដោយប្រើប្រាស់ទន្លេមេគង្គ និងទន្លេសាប ។ គម្រោងនេះ មានគោលបំណងសម្របសម្រួលការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព នៅជុំវិញទីក្រុង ភ្នំពេញ ដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទាបជាងមុន និងផ្តល់សេវាកម្មដឹកជញ្ជូនល្អប្រសើរ, រួមទាំងផ្តល់នូវកន្លែងលើកដាក់ទំនិញ និងការរក្សាទុកប្រកបដោយសុវត្ថិភាព សម្រាប់ការស្តុកទុកទំនិញគ្រោះថ្នាក់ នៅក្នុងតំបន់កំពង់ផែ ដោយអនុលោមតាមកិច្ចព្រមព្រៀង ក្នុងចំណោមបណ្តាប្រទេសអាស៊ាន៕