កណ្ដាល៖ ក្រុងអរិយក្សត្រ អាចនឹងក្លាយជាទីក្រុងរណបថ្មីមួយរបស់កម្ពុជា ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ នឹងកាន់តែរីកចម្រើនខ្លាំង មិនចាញ់អ្នករស់នៅរាជធានីភ្នំពេញនោះឡើយ ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធសារៈសំខាន់ៗ ជាពិសេសបន្ទាប់ពីស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ សាងសង់រួច។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ថ្លែងលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ក្នុងវត្តស្វាយជ្រំ និងក្នុងសង្កាត់ស្វាយជំ, ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៣នេះថា នាអនាគតដ៏ខ្លី, យើងនឹងមានស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ), ជាជំនួយសម្បទានពីសាធារណរដ្ឋកូរ៉េ, ដោយគម្រោងនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយភាគីកូរ៉េ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងមក។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់នេះ នឹងមិនត្រឹមតែជួយលើកសម្រស់ និងទាក់ទាញទេសចរនៅក្នុងរាជធានីភ្នំពេញ និងក្រុងអរិយក្សត្ររបស់យើងប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងនឹងក្លាយជានិមិត្តរូបដ៏លេចធ្លោមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យតេជោសន្តិភាពផងដែរ ។
ជុំវិញការអភិវឌ្ឍនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុកទាំងអស់ បន្តខិតខំបង្កបរិយាកាសកាន់តែប្រសើរ ដល់ការប្រកបអាជីវកម្មគ្រប់ប្រភេទ ក៏ដូចជាបន្តខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្ត និងក្នុងក្រុងអរិយក្សត្រផ្ទាល់ ដើម្បីបង្កើតឱកាសការងារជូនដល់យុវជន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលនៅតែចាត់ទុកការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាអាទិភាពខ្ពស់ ដែលប្រៀបបានទៅនឹងក្បាលរទេះភ្លើងអូសកំណើនសេដ្ឋកិច្ច ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់ សម្រាប់កាត់បន្ថយភាពក្រីក្រជូនប្រជាជន ពីព្រោះហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន គឺជាសរសៃឈាមមេ នៃសរីរាង្គសេដ្ឋកិច្ចរបស់ប្រទេស និងជាមធ្យោបាយបែងចែកកំណើនសេដ្ឋកិច្ចដោយសមធម៌ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមទិសស្លោករបស់សម្តេចតេជោនាយ ករដ្ឋមន្ត្រី ដែលសម្តេចតែងតែលើកឡើងជារើយៗថា «មានផ្លូវ និងស្ពាន, គឺមានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ» ៕