សីតុណ្ហភាពក្នុងទីក្រុងប៉េកាំងថ្ងៃព្រហស្បតិ៍នេះ បានកើនឡើងលើសពី ៤០អង្សាសេ ដែលជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ ២០១៤ ខណៈដែលរដ្ឋធានីចិន បានព្រមានពីអាកាសធាតុក្តៅខ្លាំងអូសបន្លាយរហូតដល់ចុងសប្តាហ៍។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ស្ថានីយអាកាសធាតុនៅជាយក្រុងប៉េកាំងភាគខាងត្បូងបានកត់ត្រាសីតុណ្ហភាព ៤០.១អង្សាសេ នៅម៉ោង ១ និង២៥នាទីរសៀលតាមម៉ោងក្នុងស្រុក។ យោងតាមការិយាល័យអាកាសធាតុក្រុង ការឡើងកម្តៅលើស ៤០អង្សាសេនេះ គឺជាកំណត់ត្រាអាកាសធាតុក្តៅមិនធ្លាប់ចាប់តាំងពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៤។ ចិនបានបង្កើនការជូនដំណឹងពណ៌ទឹកក្រូច ដែលជាការព្រមានអាកាសធាតុខ្ពស់បំផុតទីពីរដោយនិយាយថាសីតុណ្ហភាពអាចកើនឡើងដល់ ៣៩ អង្សារសេបន្តជាប់គ្នានៅតំបន់ភាគច្រើននៃទីក្រុងចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍។
ទីក្រុងប៉េកាំង ធានជីន ហឺប៉ី និងសានទុង នៅភាគខាងជើង និងភាគខាងកើតប្រទេសចិន ត្រូវបានរងនូវការវាយប្រហារពីរលកកំដៅកាលពីសប្តាហ៍មុន ដែលជំរុញឱ្យអាជ្ញាធរក្នុងតំបន់បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារដំណាំ ធានាសុវត្ថិភាពរបស់អ្នកទេសចរ និងផ្អាកការងារក្រៅកំឡុងពេលក្តៅបំផុតនៃថ្ងៃ៕