ភ្នំពេញៈ កម្ពុជារកប្រាក់បានជិត ១១៤ លានដុល្លារ ពីការនាំចេញទំនិញទៅប្រទេសកូរ៉េ នារយៈពេល ៥ ខែ ដើមឆ្នាំ២០២៣ កើនឡើងជិត ១/៤ ដង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៣០០ លានដុល្លារ។ នេះបើយោងតាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យឱ្យដឹងថា ពីខែមករា-ខែឧសភា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញទៅប្រទេសកូរ៉េ ក្នុងទឹកប្រាក់ ១១៣,៧៨ លានដុល្លារ កើនឡើង ២២,៧ ភាគរយពីចំនួន ៩២,៧២ លានដុល្លារ កាលពីរយៈពេលដូចគ្នាឆ្នាំ២០២២ ចំណែកទំនិញកូរ៉េនាំមកកម្ពុជា មានចំនួន ១៨៩,៨២ លានដុល្លារ ធ្លាក់ចុះ ២៩,៥ ភាគរយពីចំនួន ២៦៩,១១ លានដុល្លារ។
ផ្អែកតាមទិន្នន័យខាងលើ គឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានទឹកប្រាក់សរុប ៣០៣,៦ លានដុល្លារ ធ្លាក់ចុះ ១៦,១ ភាគរយពីចំនួន ៣៦១,៨៣ លានដុល្លារ។ ប្រទេសកូរ៉េ គឺជាដៃគូពាណិជ្ជកម្មធំទី ១២ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក វៀតណាម និងថៃជាដើម។ ចំពោះតុល្យភាពពាណិជ្ជកម្ម គឺកម្ពុជាមានឱនភាព ៧៦,០៤ លានដុល្លារ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ មានចំនួនរហូតដល់ ១៧៦,៣៩ លានដុល្លារ។
សម្រាប់ខែឧសភា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគី មានចំនួន ៦៤,៤៣ លានដុល្លារ កើនឡើង ០,៨៩ ភាគរយធៀបខែឧសភា ឆ្នាំ២០២២ ក្នុងនោះការនាំចេញរបស់កម្ពុជា ២៣,១៨ លានដុល្លារ កើនឡើង ៣៨ ភាគរយ និងនាំចូល ៤១,២៥ លានដុល្លារ ធ្លាក់ចុះ ១២,៤ ភាគរយ។ នេះបើយោងតាមតារាងស្ថិតិខាងលើ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងថ្ងៃទី២១ ខែមិថុនាថា កំណើនទឹកប្រាក់នាំទំនិញពីកម្ពុជាទៅប្រទេសកូរ៉េ បញ្ជាក់ថា ផលិតផលកម្ពុជា គឺកំពុងឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រទេសកូរ៉េ ហើយកំណើននេះ នឹងអាចមានសម្ទុះកាន់តែខ្លាំងនៅពេលសេដ្ឋកិច្ចពិភពលោកងើបចេញផុតពីវិបត្តិនាពេលបច្ចុប្បន្ន។ កំណើនទឹកប្រាក់នាំចេញនេះ ក៏បានមកពីកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំនៃប្រទេសទាំង២ និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) ដែលប្រទេសទាំង២ ជាសមាជិកផងដែរ។
លោកបន្ថែមថា ចំពោះមូលហេតុនៃការធ្លាក់ចុះចំនួនទឹកប្រាក់នាំទំនិញពីកូរ៉េ និងទំហំពាណិជ្ជកម្មទ្វេភាគី គឺអាចបណ្តាលមកពីសមត្ថភាពផលិតកម្មនៅកម្ពុជាកើនឡើង ស្របពេលកំណើនសេដ្ឋកិច្ចពិភពលោកមិនមានស្ថិរភាពល្អ។
លោកបញ្ជាក់ថា៖«កំណើនទឹកប្រាក់នាំចេញរបស់យើងគឺពិតជាមានសារៈសំខាន់ណាស់។ កំណើនទឹកប្រាក់នាំចេញ គឺបានមកពីកំណើនផលិតកម្មក្នុងស្រុក ពិសេសការនាំចេញកសិផល និងគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិកមួយចំនួន»។
លោកបន្ថែមថា ក្រៅពីការប្រមូលបានប្រាក់ពីការនាំចេញទំនិញ កម្ពុជាក៏ទទួលបានប្រាក់ពីការបំពេញការងាររបស់ពលករខ្មែរនៅប្រទេសកូរ៉េផងដែរ។
បើតាមលោក លឹម ហេង ទំនិញភាគច្រើនដែលកម្ពុជានាំទៅកូរ៉េ មានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ គ្រឿងបង្គុំអេឡិចត្រូនិក និងកសិផល ចំណែកកូរ៉េ នាំមកកម្ពុជា រួមមានរថយន្ត ឧបករណ៍អេឡិចត្រូនិក អគ្គិសនី ចំណីអាហារ ភេសជ្ជៈ និងថ្នាំពេទ្យ ជាដើម។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នៅក្នុងជំនួបជាមួយលោក PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា ប្រទេសកូរ៉េ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការកសាងសន្តិភាព ស្តារ ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន។ លោកបន្តថា ចំពោះលំហូរទុន និងទំហំនៃការវិនិយោគឯកជនពីប្រទេសកូរ៉េខាងត្បូង បានកើនឡើងជាបន្តបន្ទាប់។
ក្នុងឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៧៨,៩២៤ លានដុល្លារ កើនឡើង ០,៦ ភាគរយបើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះកម្ពុជា នាំចេញ ២៣៣,៦៣៨ លានដុល្លារ កើន ២០,៤ ភាគរយ និងកូរ៉េ នាំចូល ៥៤៥,២៨៦ លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕