Alynana Media Cambodia
Icon Collap
clinic narit

មេនិយ័តករបរធនបាលកិច្ចកំពុងខិតខំជំរុញបរធនឲ្យកើនដល់១៥០០លានដុល្លារ

Media LNN | Jun 23, 2023
មេនិយ័តករបរធនបាលកិច្ចកំពុងខិតខំជំរុញបរធនឲ្យកើនដល់១៥០០លានដុល្លារ
Clinic narith
ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថានិយ័តករបរធនបាលកិច្ចកំពុងខិតខំយ៉ាងខ្លាំងលើការជំរុញការចុះបញ្ជីក្រុមហ៊ុនប្រតិបត្តិការបរធនបាលកិច្ច ដើម្បីជំរុញទំហំបរធនឲ្យកើនឡើងដល់១ពាន់៥រយលានដុល្លារនៅត្រឹមដំណាច់ឆ្នាំ២០២៣ ខណៈបច្ចុប្បន្នទំហំបរធនមានទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ។

នាពិធីចុះអនុសារណៈយោគយល់គ្នារវាងនិយ័តករបរធនបាលកិច្ចជាមួយវិទ្យាស្ថានខេមអេដស្ដីពី«កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរជំនួយបច្ចេកទេសក្នុងក្របខណ្ឌវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា» ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលប្រមាណពីរឆ្នាំកន្លងមកនេះ វិស័យបរធនបាលកិច្ចនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងការបញ្ជីប្រតិបត្តិការបរធនបាលកិច្ចនិងទំហំបរធន។ ជាក់ស្តែងគិតមកទល់ពេលនេះ មានបរធនបាលកិច្ចចុះបញ្ជីសរុបចំនួន៥២៣ករណីជាមួយទំហំបរធនប្រមាណ១ពាន់លានដុល្លារអាមេរិក ខណៈចំនួនបរធនបាលកិច្ចចុះបញ្ជីរំពឹងនឹងកើនឡើង៧០បន្ថែមទៀតនៅត្រឹមដំណាច់ខែកក្កដាខាងមុខ ដែលអាចជំរុញទំហំបរធនកើនដល់១ពាន់១៣០លានដុលា្លរអាមេរិក។

ទន្ទឹមនឹងការរីកចម្រើននេះ ឯកឧត្តម សុខ ដារ៉ា អះអាងថា បច្ចុប្បន្ននិយ័តករបរធនបាលកិច្ចកំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការជំរុញកំណើនចុះបញ្ជីបរធនបាលកិច្ច សំដៅជំរុញទំហំបរធនក្នុងវិស័យបរធនបាលកិច្ចកម្ពុជាឲ្យកើនដល់១ពាន់៥រយលានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ៥% នៃ GDP នៅត្រឹមដំណាច់ឆ្នាំ២០២៣។បើតាមការលើកឡើងរបស់ឯកឧត្តម សុខ ដារ៉ា បច្ចុប្បន្នមានក្រុមហ៊ុនបរធនបាលកិច្ច ដែលកំពុងធ្វើប្រតិបត្តិការប្រមាណ២០% ប៉ុណ្ណោះ ដែលបានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលធ្វើឲ្យវិស័យបរធនបាលកិច្ចកម្ពុជានៅមានសក្តានុពលខ្ពស់ក្នុងការរីកចម្រើន។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា បច្ចុប្បន្ននិយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនបរធនបាលចំនួន៧ និងផ្តល់អាជ្ញាបណ្ណផ្តល់សេវារក្សាទុក និងសេវារក្សាសុវត្ថិភាពដល់ធនាគារចំនួន៦ ជាមួយក្តីរំពឹងថា ក្រុមហ៊ុនបរធនបាល និងធនាគារនឹងដល់១០ក្រុមហ៊ុន ធនាគារនៅត្រឹមដំណាច់ឆ្នាំនេះ។ បន្ថែមលើនេះ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណបរធនបាលរូបវ័ន្តបុគ្គលបានចំនួន៤០រូប ក្នុងនោះ២៤រូបជាបរធនបាលរូបវ័ន្តបុគ្គលឯករាជ្យ និង១៦រូបផ្សេងទៀតជាបរធនបាលរូបវ័ន្តបុគ្គលក្រោមឆ័ត្ររបស់ក្រុមហ៊ុនបរធនបាល។ ជាមួយគ្នានេះ ស្ថាប័ននេះក៏បានផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃបរធនបាលកិច្ចចំនួន៨ផងដែរ៕