Alynana Media Cambodia
Icon Collap
clinic narit

លោក បៃដិន និងលោក ម៉ូឌី សាទរ «យុគសម័យថ្មី» ក្នុងទំនាក់ទំនងអាមេរិក -ឥណ្ឌា

Media LNN | Jun 23, 2023
លោក បៃដិន និងលោក ម៉ូឌី សាទរ «យុគសម័យថ្មី» ក្នុងទំនាក់ទំនងអាមេរិក -ឥណ្ឌា
Clinic narith

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោក ណារិនដ្រា ម៉ូឌី បានបង្ហាញការស្វាគមន៍ចំពោះការមកដល់នៃយុគសម័យថ្មីមួយនៅក្នុង ទំនាក់ទំនងរវាងប្រទេសទាំង២ បន្ទាប់ពីសេតវិមានក្រាលកម្រាលព្រំក្រហមទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ និងសង្កត់ធ្ងន់ពីការចុះកិច្ចព្រមព្រៀង លើវិស័យការពារជាតិ ព្រមទាំងពាណិជ្ជកម្ម សំដៅទប់ទល់ការកើនឡើងឥទ្ធិពលចិន។ នេះបើតាមការចេញផ្សាយដោយទីភ្​នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងប្រាប់លោក ម៉ូឌី នៅឯពិធីលាងសាយភោជន៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «មហាប្រទេសទាំង២ មហាមិត្តទាំង២ និងមហាអំណាចទាំង២។ ជល់កែវឡើង!»។ ចំណែក លោក ម៉ូឌី បានឆ្លើយតបវិញថា «អ្នក (លោក បៃដិន) និយាយប្រកបដោយភាពទន់ភ្លន់ ប៉ុន្តែនៅពេល ដែលធ្វើសកម្មភាព អ្នកពិតខ្លាំងអស្ចារ្យមែន»

សហរដ្ឋអាមេរិក និងឥណ្ឌា មិនមែនជាសម្ព័ន្ធមិត្តផ្លូវការដោយចងភ្ជាប់ដោយសន្ធិសញ្ញាអ្វីនោះទេ ហើយឥណ្ឌាក៏បានប្រកាន់គោលការណ៍ឯករាជ្យ អស់រាប់ទសវត្សរ៍មកដែរ។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន ត្រូវការឥណ្ឌាជាដៃគូយុទ្ធសាស្ត្រ ដើម្បីទប់ទល់ជាមួយចិន។ នៅក្នុងសេចក្ដីថ្លែងការណ៍រួម ទាំងលោក បៃដិន និងលោក ម៉ូឌី មិនបានរិះគន់ចិនដោយផ្ទាល់នោះទេ ប៉ុន្តែបាននិយាយដោយប្រយោលពីសកម្មភាពសម្លុតគំរាមនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដែលជារឿយៗទីក្រុង វ៉ាស៊ីនតោនតែងតែធ្វើការចោទប្រកាន់បែបនេះដាក់ចិន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់សហរដ្ឋអាមេរិក បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការ និងក្រុមសកម្មជន ការពារសិទ្ធិមនុស្សដែលបានចោទប្រកាន់រដ្ឋាភិបាលរបស់លោក ម៉ូឌីថាបាន និងកំពុងគាបសង្កត់លើអ្នកនយោបាយប្រឆាំង និងបំពានសិទ្ធិមនុស្ស ក៏ដូចជា ជំនឿសាសនា។ ប៉ុន្តែ លោក ម៉ូឌី បានអះអាងថានៅឥណ្ឌា គ្មានការរើសអើងពាក់ព័ន្ធនឹងជំនឿសាសនា៕