Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក នឹងចូលចតនៅប្រទេសវៀតណាម នាចុងសប្តាហ៍នេះ ក្នុងទស្សនកិច្ចកម្រមួយ

Media LNN | Jun 23, 2023
នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក នឹងចូលចតនៅប្រទេសវៀតណាម នាចុងសប្តាហ៍នេះ ក្នុងទស្សនកិច្ចកម្រមួយ
Clinic narith

(ហាណូយ)៖ នាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិក USS Ronald Reagan នឹងចូលចតនៅទីក្រុងកំពង់ផែ ដាណាង (Danang) ភាគកណ្តាលប្រទេសវៀតណាម នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈវាគឺជាការធ្វើទស្សនកិច្ចយ៉ាងកម្រមួយ របស់នាវាយោធាអាមេរិកមកកាន់​ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បាននិយាយថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក នឹងធ្វើដំណើរមកដល់នៅខ្ទង់វេលារសៀលថ្ងៃអាទិត្យ ហើយស្ថិតនៅទីក្រុងដាណាង រហូតដល់ថ្ងៃទី៣០ ខែមិថុនា។ គិតចាប់តាំងតែពីចុងបញ្ចប់ នៃសង្រ្គាមវៀតណាមមក សហរដ្ឋអាមេរិកធ្លាប់បញ្ជូននាវាផ្ទុកយន្តហោះចម្បាំង តែ២លើកប៉ុណ្ណោះ មកទស្សនកិច្ចនៅប្រទេសវៀតណាម។

នាវាផ្ទុកយន្តហោះចម្បាំងដំបូងបង្អស់របស់អាមេរិក ដែលបានមកធ្វើទស្សនកិច្ចនៅវៀតណាម គឺនាវា USS Carl Vinson ដែលបាន​មកចូលចត នៅកំពង់ផែទីក្រុងដាណាង កាលពីខែមីនា ឆ្នាំ២០១៨។ ចំណែកកាលពីឆ្នាំ២០២០ នាវាផ្ទុកយន្តហោះចម្បាំង USS Theodore Roosevelt ត្រូវបានបញ្ជូនឱ្យមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឱកាសខួប២៥ឆ្នាំ គិតចាប់តាំងពីសង្រ្គាមវៀតណាមបានបិទបញ្ចប់ កាលពីឆ្នាំ១៩៧៥។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ជាលើកទី៣នេះ កើតមានឡើងស្របពេលដែលទីក្រុងវ៉ាស៉ីនតោន​ហាក់កំពុងព្យាយាមលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួន ជាមួយទីក្រុងហាណូយ ដែលមានវិវាទជាមួយទីក្រុងប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង៕