Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជនអន្តោប្រវេសន៍ឆ្លងដែនមកកាន់កោះអេស្ប៉ាញហក់ឡើងខ្លាំង ខណៈទូក៤គ្រឿងត្រូវបានជួយសង្គ្រោះ

Media LNN | Jun 23, 2023
ជនអន្តោប្រវេសន៍ឆ្លងដែនមកកាន់កោះអេស្ប៉ាញហក់ឡើងខ្លាំង ខណៈទូក៤គ្រឿងត្រូវបានជួយសង្គ្រោះ
Clinic narith

អេស្ប៉ាញ៖ បើតាមប្រភពពីអាជ្ញាធរឆ្មាំសមុទ្ររបស់អេស្ប៉ាញបានឱ្យដឹងថា យ៉ាងហោចណាស់ ជនចំណាកស្រុកចំនួន២២៧នាក់ត្រូវបានជួយសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍ នៅជិតដែនកោះកាណារីភាគខាងត្បូងប្រទេសអេស្ប៉ាញ ស្ថិតនៅក្បែរដែនទឹករបស់ប្រទេសម៉ារ៉ុក នៅមួយថ្ងៃបន្ទាប់ពីអង្គការសប្បុរសធម៌ទទួលបន្ទុកជនចំណាកស្រុកបានអះអាងថា មនុស្សជាង៣០នាក់បានបាត់ខ្លួន ក្រោយពីទូកពោងរបស់ពួកគេបានលិចទៅក្នុងសមុទ្រ។

ទាក់ទងនឹងបញ្ហាជនចំណាកស្រុកនេះដែរ អាជ្ញាធរអេស្ប៉ាញ កាលពីថ្ងៃពុធ បានរាយការណ៍ថា គេបានរកឃើញសាកសពបុរសនិងកុមារចំនួន២នាក់ បន្ទាប់ពីអាជ្ញាធរឆ្មាំសមុទ្ររបស់ប្រទេសម៉ារ៉ុកបានជួយសង្គ្រោះជនចំណាកស្រុកចំនួន២៤នាក់ ចេញពីទូកពោងមួយគ្រឿងដែលកំពុងលិចទឹក ស្របពេលអង្គការគាំពារសិទ្ធិជនចំណាកស្រុកបានអះអាងថា យ៉ាងហោចណាស់ មនុស្ស៣០នាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងហេតុការណ៍លិចទូកដូចគ្នានេះ ដោយរិះគន់ចំពោះភាពយឺតយ៉ាវរបស់អាជ្ញាធរឆ្មាំសមុទ្រប្រទេសទាំងពីរ ក្នុងកិច្ចជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ។

គួរបញ្ជាក់ថា តំបន់ទីប្រជុំកោះកាណារីរបស់អេស្ប៉ាញ កំពុងក្លាយជាទិសដៅចំណាកស្រុកដ៏ពេញនិយមរបស់ជនភៀសខ្លួនមកពីតំបន់អាហ្រិ្វកដែលព្យាយាមឆ្លងដែនដោយខុសចូលទៅក្នុងប្រទេសអេស្ប៉ាញ ខណៈជនចំណាកស្រុកមួយភាគតូចផ្សេងទៀត បានជ្រើសរើសធើ្វដំណើរទាំងប្រថុយប្រថានតាមតំបន់ច្រកសមុទ្រមេឌីទែរ៉ាណេ ដើម្បីបានទៅដល់ដីគោករបស់អេស្ប៉ាញដោយផ្ទាល់ និងតែងកើតមានឡើងជាញឹកញាប់អំឡុងរដូវក្តៅ ព្រោះតែអាកាសធាតុមានលក្ខណៈអំណាយផលក្នុងការធើ្វដំណើរឆ្លងកាត់ដែនសមុទ្រ។

គួររំលឹកថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ពលរដ្ឋអាហ្វ្រិកចំនួន៤៩នាក់ រួមមានស្ត្រី៧នាក់ និងកុមារ៣នាក់ ដែលធ្វើដំណើរតាមរយៈទូកពោងមួយគ្រឿង ត្រូវបានអាជ្ញាធរឆ្មាំសមុទ្រអេស្ប៉ាញរកឃើញ ហើយនាំយកទៅចូលសំចតនៅឯកំពង់ផែ ហើយនេះក៏ជាទូកទី៤ ត្រូវបានអាជ្ញាធរជួយសង្គ្រោះនៅក្បែរដែនមហាសមុទ្រអាត្លង់ទិកក្នុងរយៈពេលត្រឹមតែ២៤ម៉ោង។

ដោយឡែក នៅថ្ងៃព្រហស្បតិ៍ដដែលនេះ អាជ្ញាធរអេស្ប៉ាញនៅលើកោះកាណារីឯណោះវិញ ក៏បានបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះមួយដែលធើ្វឡើងកាលពីយប់ថ្ងៃពុធ ក្រុមការងារបានជួយសង្គ្រោះទូកជនចំណាកស្រុកចំនួនពីរគ្រឿងផ្សេងទៀតដោយមានមនុស្សសរុបចំនួន១១៤នាក់។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលអេស្ប៉ាញ បានបង្ហាញថា ពលរដ្ឋចំណាកស្រុកបរទេសប្រមាណជិត ៦០០០នាក់ បានមកដល់កោះកាណារី គិតចាប់ពីចន្លោះខែមករា ដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣ ៕