ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា អាល្លឺម៉ង់ នៅក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ មានទឹកប្រាក់ជាង ៤៣៥ លានដុល្លារ ថយចុះ ១២ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះការនាំចេញពីកម្ពុជាធ្លាក់ជាង ១/៥ ដង។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់ មានទឹកប្រាក់ ៤៣៥,៥២ លានដុល្លារ ថយចុះ ១២,៦ ភាគរយពីចំនួន ៤៩៨,២១ លានដុល្លារ នារយៈពេលដូចគ្នាឆ្នាំ ២០២២។ អាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មធំទី ៨ របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីស្មើ ២,២៦ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។
សម្រាប់ចំនួនទឹកប្រាក់ខាងលើ គឺទំនិញនាំចេញពីកម្ពុជាទៅអាល្លឺម៉ង់ មាន ៣៤៨,៧ លានដុល្លារ ថយចុះ ១៨,៥ ភាគរយ និងទំនិញអាល្លឺម៉ង់នាំមកវិញ ៨៦,៨២ លានដុល្លារ កើនឡើង ២៣,៣ ភាគរយពី ៧០,៤ លានដុល្លារ។ ផ្អែកតាមតួលេខ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាព ២៦១,-៨៨ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ មិថុនាថា វិបត្តិសេដ្ឋកិច្ចសកលដែលកើតមានជាបន្តបន្ទាប់ពីដើមឆ្នាំ ២០២០ (កូវីដ ១៩) គឺបានដាក់សម្ពាធលើការបញ្ជាទិញទំនិញឆ្លងប្រទេស ពិសេសប្រភេទទំនិញដែលមិនមែនជាតម្រូវការចាំបាច់ក្រៅពីអាហារ។ កន្លងមកទំនិញដែលកម្ពុជានាំទៅប្រទេសអាល្លឺម៉ង់ ភាគច្រើនជាផលិតផលវាយនភណ្ឌ ដូច្នេះផលប៉ះពាល់ប្រាកដជាមាន។ លោកបន្តថា ស្ថានភាពនេះត្រូវបានរំពឹងថានឹងអាចល្អប្រសើរឡើងវិញនៅពេលឆាប់ៗ ខណៈបច្ចុប្បន្នការសម្របសម្រួលផ្នែកនយោបាយ និងការទូតរវាងប្រទេសដែលមានសេដ្ឋកិច្ចធំៗកំពុងមានភាពវិជ្ជមានខ្លះៗ។
លោកនិយាយថា៖ «តាមរយៈកិច្ចសហការប្រតិបត្តិការល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ២ ខ្ញុំគិតថា ការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំង ២ នឹងកើនឡើងវិញក្នុងពេលឆាប់ៗ ខណៈអាល្លឺម៉ង់ ក៏ជាសមាជិកនៃសហភាពអឺរ៉ុបដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់ទំនិញនាំពីប្រទេសកម្ពុជាផងដែរ»។
លោកបន្ថែមទៀតថា ក្រៅពីផលិតផលវាយនភណ្ឌ កម្ពុជាក៏មានផលិតផលសក្តានុពលសម្រាប់នាំចេញទៅអាល្លឺម៉ង់ផងដែរដូចជា ផលិតផលកសិកម្ម និងគ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គិសនី ជាដើម។
ទំនិញដែលប្រទេសកម្ពុជានាំទៅអាល្លឺម៉ង់មានភាគច្រើន ជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ គ្រឿងបង្គុំអគ្គិសនី និងផលិតផលកសិកម្ម ខណៈទំនិញនាំចូលមកពីអាល្លឺម៉ង់ រួមមាន រថយន្ត គ្រឿងម៉ាស៊ីនធំៗ គ្រឿងសង្ហារិម និងគ្រឿងសំណង់ ជាដើម។ នេះបើតាមលោក លឹម ហេង។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា អាល្លឺម៉ង់ គឺជាប្រទេសមានប្រជាជនច្រើន និងមានសេដ្ឋកិច្ចធំជាងគេនៅក្នុងសហគមន៍អឺរ៉ុប ហេតុនេះតម្រូវការទំនិញនាំចូលក៏ច្រើនដែរ។ បើសិនកម្ពុជាអាចទទួលបានការបញ្ជាទិញកាន់តែច្រើនពីអាល្លឺម៉ង់ ហើយចំនួនវិនិយោគិនអាល្លឺម៉ង់ ចូលមកបណ្តាក់ទុនកាន់តែច្រើននោះ វានឹងនាំមកនូវភាពវិជ្ជមានកាន់តែច្រើន។
លោកនិយាយថា៖ «អាល្លឺម៉ង់ នឹងបន្តឈរជាទីផ្សារគោលដៅសំខាន់សម្រាប់ទំនិញពីកម្ពុជា ព្រោះប្រទេសទាំង ២ មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើគ្រប់វិស័យ។ ជាមួយគ្នានេះអាល្លឺម៉ង់ក៏ជាប្រទេសផ្តល់ជំនួយច្រើនមកឱ្យកម្ពុជាដែរ»។
កាលពីឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាល្លឺម៉ង់ មានទឹកប្រាក់សរុប ១ ២៤៦,៩ លានដុល្លារ កើនឡើង ១៩,៣ ភាគរយធៀបឆ្នាំ ២០២១។ ក្នុងនោះការនាំទំនិញពីកម្ពុជាមានចំនួន ១ ០៨៣,៦២ លានដុល្លារ កើន ២៣ ភាគរយ និងនាំចូល ១៦៣,២៨ លានដុល្លារ ធ្លាក់ចុះ ០,៨ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ៕