ម៉ាឡេស៊ីបានរាយការណ៍ថា នៅត្រីមាសទី១ ទាក់ទាញបានគម្រោងវិនិយោគសរុបតម្លៃជាង ១៥ ពាន់លានដុល្លារ។ ដើម្បីជំរុញការលើកទឹកចិត្តចំពោះអ្នកវិនិយោគទុនបន្ថែមទៀត ប្រទេសនេះនឹងបន្តដំណើរការកែទម្រង់គោលនយោបាយមួយចំនួនបន្ថែមទៀត។ ការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក គឺជាសញ្ញានៃទំនុកចិត្តដែលបានស្ដារឡើងវិញសេដ្ឋកិច្ចម៉ាឡេស៊ី។
អ្នកជំនាញអះអាងថាអនាគតនៃការវិនិយោគក្នុងប្រទេសម៉ាឡេស៊ីហាក់ដូចជាមានសភាពវិជ្ជមានខ្លាំងណាស់ ហើយម៉ាឡេស៊ីកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅទាក់ទាញការវិនិយោគដែលមានតម្លៃខ្ពស់ និងបណ្តុះបណ្ដាលកម្លាំងពលកម្មដែលមានការប្រកួតប្រជែង។
លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលើកឡើងថា ប្រទេសម៉ាឡេស៊ីបានទាក់ទាញការវិនិយោគដែលបានអនុម័តរួចក្នុងតម្លៃសរុបជាង ៧១ ពាន់លានរីងហ្គិត ឬជាង ១៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣។ ទំហំទុនវិនិយោគនេះកើនឡើងប្រមាណជា ៦០ ភាគរយ បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២២។នេះបើតាមសារព័ត៌មាន the Business Times។
លោក អានវ៉ា បាននិយាយតាមសុន្ទរកថានៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយគណៈកម្មការមូលបត្រម៉ាឡេស៊ីថា ទំហំទឹកប្រាក់វិនិយោគទុនទាំងនេះគឺសម្រាប់ដំណើរការគម្រោងប្រមាណជាជាង ១ ២០០ គម្រោង ដែលត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារធ្វើសម្រាប់ពលរដ្ឋម៉ាឡេស៊ីចំនួនប្រហែល ២ ម៉ឺន ៤ ពាន់នាក់។តម្លៃសរុបនៃទុនវិនិយោគផ្ទាល់ពីបរទេស មានទំហំច្រើនជាងពាក់កណ្តាលនៃទឹកប្រាក់សរុប ឬប្រហែលជាជាង ៨ ពាន់លានដុល្លារ ហើយនៅក្នុងគម្រោងទាំងនោះ គឺរួមមានទាំងក្រុមហ៊ុន Tesla, ក្រុមហ៊ុន Amazon Web Services, ព្រមទាំងក្រុមហ៊ុន ស៊ីជាំង ជីលី (Zhejiang Geely) និងក្រុមហ៊ុនជីវៈគីមី រ៉ុងសេង (Rongsheng) របស់ចិនដែរ។
គួររំលឹកថា កាលពីឆ្នាំ២០២២ កន្លងទៅ ម៉ាឡេស៊ីបានទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេសក្នុងតម្លៃត្រឹមតែជាង ១៦ ពាន់លានដុល្លារប៉ុណ្ណោះ។
លោក អានវ៉ា បានមានប្រសាសន៍ថា ការកើនឡើងជានិរន្តរនៃការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក គឺជាសញ្ញានៃទំនុកចិត្តដែលបានស្ដារឡើងវិញក្នុងចំណោមអ្នកវិនិយោគ ចំពោះទស្សនវិស័យកំណើនរបស់ប្រទេសម៉ាឡេស៊ី។
លោក អានវ៉ា ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរ បាននិយាយថា អនាគតនៃការវិនិយោគក្នុងប្រទេសម៉ាឡេស៊ីហាក់ដូចជាមានសភាពវិជ្ជមានខ្លាំងណាស់ ហើយម៉ាឡេស៊ីកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅសម្រួលការធ្វើអាជីវកម្មថែមទៀត ទាក់ទាញការវិនិយោគដែលមានតម្លៃខ្ពស់ និងបណ្តុះបណ្ដាលកម្លាំងពលកម្មដែលមានការប្រកួតប្រជែង៕