ក្រុមហ៊ុនធំៗចំនួនពីរ គឺក្រុមហ៊ុនអេមរុរ៉ាយស៍ខេមបូឌា(Amru Rice Cambodia)និងសាជីវកម្មសហករណ៍កសិកម្មកម្ពុជា (CACC) ដែលជាអ្នកទិញផលិតផលសរីរាង្គដ៏ធំបំផុតរបស់ខេត្តព្រះវិហារ បានបន្តការបញ្ជាទិញអង្ករ និងដំឡូងមីសរីរាង្គពីសហករណ៍កសិកម្មចំនួន ៣១ នៅក្នុងខេត្តក្នុងឆ្នាំនេះ។
កិច្ចសន្យាត្រូវបានចុះហត្ថលេខានៅសាលាខេត្តនៅព្រឹកនេះ ក្រោមអធិបតីភាពលោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ក្រោមកិច្ចសន្យានេះ ក្រុមហ៊ុន Amru Rice Cambodia នឹងទិញអង្ករសរីរាង្គសរុបចំនួន ១៦,០០០តោន ខណៈដែល CACC នឹងបញ្ជាទិញដំឡូងមីសរីរាង្គចំនួន ២៥,០០០តោន និងសណ្តែកដីសរីរាង្គចំនួន ១០ តោន។លើសពីនេះក្រុមហ៊ុន Amru Rice Cambodia បានផ្តល់ឥណទានពូជស្រូវផ្ការំដួលចំនួន ៥៩,៤០០ គីឡូក្រាមសម្រាប់ខេត្ត ដើម្បីរួមចំណែកក្នុងការបង្កើនទិន្នផលស្រូវ និងគុណភាពសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបញ្ជាក់ថា នៅឆ្នាំ២០២២ កសិផលសរីរាង្គសរុប ២៨.០០០តោន ក្នុងនោះអង្ករសរីរាង្គ ១៥,០៨០តោន ដំឡូងមីសរីរាង្គ ១៣,០០០តោន និងសណ្តែកដីសរីរាង្គ ៥តោនត្រូវបានផលិត និងផ្គត់ផ្គង់តាមកិច្ចសន្យាដោយកសិករជាង ៥០០០ គ្រួសារ។
លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia ប្តេជ្ញាជំរុញការផ្សព្វផ្សាយអង្ករសរីរាង្គព្រះវិហារ និងនាំចេញទៅកាន់ទីផ្សារសកលលោកកាន់តែទូលំទូលាយ ដើម្បីបង្កើនកេរ្តិ៍ឈ្មោះអង្ករព្រះវិហារនៅលើឆាកអន្តរជាតិ។
ដោយឡែក ឯកឧត្តម គឹម រិទ្ធី បានវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងសហការគ្នាយ៉ាងល្អរបស់គ្រប់ភាគីពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលនាំឱ្យសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់លើវិស័យកសិកម្មតាមកិច្ចសន្យា ដែលអាចចាត់ទុកថាជា នីតិវិធីសម្រាប់អ្នកផលិត និងអ្នកទិញ ផ្លាស់ទីក្នុងទិសដៅជាក់លាក់មួយ រួមជាមួយនឹងតម្លាភាព ភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
អង្ករ និងដំឡូងមីក្នុងខេត្តព្រះវិហារ ត្រូវបានគេស្គាល់ថាជាផលិតផលកសិកម្មសរីរាង្គធំជាងគេនៅកម្ពុជា។