នៅលើទីផ្សារ គេច្រើនតែមានតម្រូវការចង់បានទឹកឃ្មុំព្រៃ ដែលប្រជាពលរដ្ឋតាមតំបន់ការពារធម្មជាតិរកបានពីក្នុងព្រៃ។ ប៉ុន្តែការពឹងផ្អែកលើការដើររកបែបផ្សងព្រេងនេះមិនអាចផ្គត់ផ្គង់គ្រប់តម្រូវការរបស់ទីផ្សារនោះទេ។
ដូច្នេះហើយបានជាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនមានការផ្លាស់ប្ដូរមកចិញ្ចឹមឃ្មុំយកទឹកវិញ។មែនទែនទៅ ការចិញ្ចឹមឃ្មុំយកទឹកនេះក៏មិនខុសអ្វីពីឃ្មុំព្រៃនោះឡើយ ផ្ទុយទៅវិញវាកាន់តែមានគុណភាពល្អជាងឃ្មុំព្រៃទៀតផង ដោយសារការចិញ្ចឹមមានការវាស់ស្ទង់កំហាប់ទឹកឃ្មុំត្រឹមត្រូវមុននឹងសម្រេចយកក្បាលទឹកចេញ ខណៈដែលការដើររកតាមព្រៃគឺឡើងយកភ្លាមៗតែម្ដង។
ជាក់ស្ដែង បើក្រឡេកមើលទៅស្ត្រីម្នាក់រស់នៅក្នុងស្រុកសំឡូតនៃខេត្តបាត់ដំបងដែលជាអ្នកចិញ្ចឹមឃ្មុំវិញ អាចរកចំណូលបានច្រើនគួរសមពីរបរនេះ បន្ទាប់ពីបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ២០១៩ ក្រោយទទួលយកបច្ចេកទេសពីមូនិធិម៉ាដក្សចូលីភីត សាកល្បងចិញ្ចឹមឃ្មុំចំនួន១ធុង ជាមួយនឹងប្រជាសហគមន៍ដទៃទៀត។