Alynana Media Cambodia
Icon Collap
clinic narit

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម»

Media LNN | Jun 26, 2023
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម»
Clinic narith

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម»។

​«អគារសាលា​យុត្តិ​ធម៌» ជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហា​អយ្យ​ការ​អមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់សាលាដំបូង​រាជធានី​ភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរំលឹកពីដំណើរដើមទងដែលនាំ​មានការសាង​សង់ ​«អគារសាលាយុត្តិធម្ម» នេះថា ដោយសារទីតាំង​បម្រើ​ការ​ងារ​របស់សាលាដំបូងរាជធានីភ្នំពេញ និងរបស់​សា​លា​ឧទ្ធរណ៍ភ្នំពេញ មាន​ទំហំ​តូច ហើយស្ថានភាពទីតាំងមិនអាចពង្រីក​ទីកន្លែង​ធ្វើការងារបាន ក៏ដូចជា​មិនមានចំនួនសាលសវនាការគ្រប់គ្រាន់ ដើម្បីអាចឆ្លើយតបបានទៅនឹងតម្រូវ​ការ​នៃការងារជាក់ស្តែងនោះ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី បានសម្រេច ផ្តល់​ដីមួយកន្លែងទំហំ ៩,៤៥៦ ម៉ែត្រក្រឡា ស្ថិត​នៅតាមបណ្តោយផ្លូវ​លោកតា​ក្រហម​ក ភូមិព្រែកលាប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC) និងបាន​អនុ​ញ្ញាត​មានការសាងសង់នូវ អគារសាលាយុត្តិធម្មថ្មី ដ៏ធំមួយនៅលើទីតាំង​ដី​នេះ ដែលនឹងក្លាយជាកន្លែង​បំពេញការងារ​រួមរបស់សាលាដំបូង​រាជធានី​ភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងអង្គការអយ្យការអមសាលា​ជម្រះ​ក្តីទាំងពីរនេះ។

បើតាមលោក កើត រិទ្ធ បានឱ្យដឹងថា អគារសាលាយុត្តិធម្មថ្មីនេះ ត្រូវបានគិត​គូរសាងសង់ឡើងទៅតាម​ទម្រង់ជា​អគារ​សាលាជម្រះក្តី ដែលខុសពីអគាររដ្ឋ​បាល​ធម្មតា ហើយដោយយក​តាម​លំនាំអគារសាលាយុត្តិធម៌ ដែលជាអតីត​សាលា​វិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ​១៩២៥ ហើយបច្ចុប្បន្នជាអគារទីស្ដីការ ក្រសួងយុត្តិធម៌។

អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កៃនេះ មានបណ្ដោយ ៦២ម៉ែត្រ ទទឹង ៦០ម៉ែត្រ កម្ពស់ ៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣,០៣៥ម៉ែត្រ​ក្រឡា ព្រមទាំងបំពាក់ប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើ​ការ​ងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។

ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើ​ប្រាស់​ថវិកាសរុបប្រមាណ ១៤.៦លានដុល្លារអាមេរិក និងអនុវត្តគម្រោង​សាង​សង់​ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។

អគារសាលាយុត្តិធម្មថ្មីនេះ បែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើ​ការងារ​ថ្មីរបស់សាលាដំបូងរាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំង​បម្រើ​ការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅ​កន្លែង​តែមួយនេះ គឺយកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា «វិមានយុត្តិធម៌» (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវា​យុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវានេះ។

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទទួលបានផ្ទៃអគារ​ប្រើប្រាស់ទំហំប្រមាណ ១២,០០០ម៉ែត្រក្រឡា (ធំជាងទីតាំងចាស់ជិត ២ដង ដោយទីតាំងចាស់មានផ្ទៃក្រឡាប្រមាណ ៦,៧២១ម៉ែត្រក្រឡាប៉ុណ្ណោះ) និង​មាន​សាលសវនាការចំនួន១២ (កើនឡើងចំនួន ៧សាលសវនាការ)។ ដោយ​ឡែកសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ទទួលបា​ន​ផ្ទៃ​អគារសម្រាប់ប្រើប្រាស់សរុបប្រមាណ ៨,០០០ម៉ែត្រក្រឡា (ធំជាង ទីតាំង​ចាស់ ៥ដង ដោយទីតាំងចាស់មានផ្ទៃក្រឡាប្រមាណតែ ១,៥៧៧ម៉ែត្រក្រឡា​ប៉ុណ្ណោះ) និងមានសាលសវនាការ ចំនួន៥ (កើនឡើង ២ សាលសវនាការ)។ ទន្ទឹមនេះ អគារថ្មីនេះ ក៏មានផ្ទៃសម្រាប់ប្រើប្រាស់រួមគ្នាចំនួន ២,៧១៩ម៉ែត្រ​ក្រឡាផងដែរ ជាអាទិ៍ សហសាលដ៏ធំមួយដែលអាចផ្ទុក​មនុស្សបានប្រមាណ ៣១៥នាក់ និងមានទីតាំង សម្រាប់ប្រើប្រាស់ជាឃ្លាំងរក្សាទុកឯកសារ​សំណុំ​រឿង​ផងដែរ។

បន្ទាប់ពីសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ​ បាន​ផ្លាស់ប្ដូរមកទីតាំងថ្មីនេះរួច ទីតាំងចាស់របស់សាលាឧទ្ធរណ៍ និងមហា​អយ្យ​ការ​អមសាលាឧទ្ធរណ៍ភ្នំពេញ ត្រូវបានប្រគល់ឱ្យក្រសួងយុត្តិធម៌វិញ ដើម្បី​ក្រសួង​ជួសជុលអគារចាស់ និងកសាងអគារថ្មីបន្ថែម សម្រាប់ជាទីកន្លែង​បំពេញ​ការងាររបស់មន្ត្រីនៃក្រសួងយុត្តិធម៌៕