Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជនបរទេសចំណាយទឹកប្រាក់ប្រមាណជិត ៤៨៦លានដុល្លារ ទិញខុនដូនៅថៃ ក្នុង៣ខែដើមឆ្នាំនេះ

Media LNN | Jun 26, 2023
ជនបរទេសចំណាយទឹកប្រាក់ប្រមាណជិត ៤៨៦លានដុល្លារ ទិញខុនដូនៅថៃ ក្នុង៣ខែដើមឆ្នាំនេះ
Clinic narith

អគារខុនដូចំនួនជិត៤ពាន់ យូនីត តម្លៃសរុបប្រមាណជាជិត ៤៨៦លានដុល្លារ ត្រូវបានលក់ឱ្យជនបរទេស នៅអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២៣ ដោយចំនួននេះកើនឡើងជាង៧៩ ភាគរយ បើធៀបនឹងរយៈពេលដដែលនៅក្នុងឆ្នាំ ២០២២កន្លងទៅ។ ជនបរទេសដែលទិញច្រើនជាគេគឺចិន រុស្ស៊ី និងអាមេរិក។មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារលំនៅដ្ឋានរដ្ឋាភិបាលថៃបានរាយការណ៍កាលពីថ្ងៃពុធថា ជនបរទេសលើសពី១០សញ្ជាតិបានចំណាយប្រាក់ជាង ១៧ ពាន់លានបាត ឬប្រមាណជាជិត ៤៨៦ លានដុល្លារ លើការទិញខុនដូក្នុងប្រទេសថៃអំឡុងត្រីមាសទី ១ ឆ្នាំ ២០២៣។ ទំហំទឹកប្រាក់នេះកើនឡើងប្រមាណជា ៧៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

សារព័ត៌មាន the Nation បានរាយការណ៍ថា នៅក្នុងរយៈពេលពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ នេះ អគារខុនដូសរុបចំនួនជាង ៣ ៧០០ យូនីត ត្រូវបានលក់ទៅអោយជនបរទេស ដែលរួមមាន ចិន រុស្ស៊ី អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង តៃវ៉ាន់ មីយ៉ាន់ម៉ា អូស្រ្តាលី និងឥណ្ឌាជាដើម ។

ប្រភពដដែលបានអះអាងថា ចិនបានទិញខុនដូសរុបជាង ១ ៧០០ យូនីត បន្ទាប់មករុស្ស៊ី ចំនួន ៣៨៧ យូនីត អាមេរិកចំនួន ១៥៦ យូនីត អង់គ្លេស ១៤៦ យូនីត អាល្លឺម៉ង់ ១៣១ បារាំង ១៣០ យូនីត និងជនជាតិផ្សេងៗទៀតទិញក្រោមខុនដូក្រោមចំនួន ១០០ យូនីតរៀងៗខ្លួន។

នៅក្នុងអំឡុងពេលនេះ ទំហំខុនដូដែលលក់ចេញទៅអោយជនបរទេសភាគច្រើន មានទំហំជាមធ្យម ៤៥ ម៉ែត្រក្រឡា នៅក្នុងតម្លៃជាមធ្យមជិត ១៣ ម៉ឺនដុល្លារ ឬប្រមាណជាជិត ៣ ពាន់ដុល្លារក្នុង១ម៉ែត្រក្រឡា។

ទោះជាយ៉ាងណាក៏ដោយ ខុនដូដែលមានតម្លៃតិចជាង ៨ ម៉ឺន ៥ ពាន់ដុល្លារ នៅតែមានប្រជាប្រិយភាពបំផុតក្នុងចំណោមជនបរទេស ដោយមានជាង ១ ៩០០ យូនីត ឬប្រហែលពាក់កណ្តាលនៃចំនួនខុនដូទាំងអស់ដែលត្រូវបានទិញ។ បើ តាម មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យខាងលើ និន្នាការ នេះបានចាប់ផ្ដើម តាំង ពី ឆ្នាំ ២០១៨ មកម្ល៉េះ។

ទិន្នន័យបង្ហាញថា ចំនួន ៨៥ ភាគរយនៃខុនដូដែលលក់ដាច់ ស្ថិតនៅក្នុងខេត្តឈុនបុរី និងនៅរាជធានីបាងកក។ ភាគច្រើននៃខុនដូទាំងអស់នោះគឺនៅក្នុងខេត្តឈុនបុរី ដែលមានសរុបជាង ១ ៦០០ យូនីត, រដ្ឋធានីបាងកកជាង ១ ៤០០ យូនីត, ខេត្តឈៀងម៉ៃ ២៤០ យូនីត, ខេត្តភូកេត ២០៨ យូនីត និងខេត្តប្រាឈួបគីរីខណ្ឌចំនួន ៩៥ យូនីត៕