Alynana Media Cambodia
Icon Collap
clinic narit

ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅមុពេលថ្ងៃបោះឆ្នោតជាតិនមកដល់

Media LNN | Jun 26, 2023
ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅមុពេលថ្ងៃបោះឆ្នោតជាតិនមកដល់
Clinic narith

តើស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅ១ខែ មុនថ្ងៃបោះឆ្នោតជាតិមកដល់មានការប្រែប្រួលអ្វីខ្លះ? បើតាមអ្នកជំនាញនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បានអះអាងថា ទោះបីជា នៅសល់តែប្រមាណជិត១ខែទៀត ដល់ថ្ងៃបោះឆ្នោតជាតិក៏ដោយចុះ ប៉ុន្ដែ ស្ថាននភាពវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ហាក់មិនមានការប្រែប្រួលគួរឲ្យបារម្ភនោះឡើយ។ មិនប្រែប្រួល ក៏ដោយសារតែ មិនមានពលរដ្ឋនាំគ្នាសម្រុកដកប្រាក់ ដូចកាលពីឆ្នាំ២០១៨នោះទេ។ ប៉ុន្ដែ ប្រាក់បញ្ញើនៅតាមធនាគារមួយចំនួន បែរជាមានកំណើនថែមទៀតទៅវិញ។អ្នកជំនាញ គូសបញ្ជាក់ថា ស្ថានភាពដែលគួរឲ្យបារម្ភចំពោះស្ថានភាពធនាគារ និងហិរញ្ញវត្ថុនាពេលនេះ គឺពាក់ព័ន្ធនឹងហានិភ័យនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលរបស់អាមេរិកទៅវិញទេ ដ្បិតថា វាអាចនឹងរុញឲ្យថ្លៃដើមនៅតាមធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនកើនខ្ពស់ជាងមុន។

អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានបង្ហាញការយល់ឃើញថា ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ មានស្ថិរភាពត្រូវពឹងផ្អែកលើកត្តាពីយ៉ាង គឺកត្តាខាងក្នុង និងកត្តាខាងក្រៅ ហើយការរក្សាបាននូវស្ថិរភាពក្នុងសង្គម គឺជាកត្តាដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានភាពល្អប្រសើរ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ជាទូទៅនៅ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តែងមានការប្រែប្រួលខ្លះៗ ទៅតាមស្ថានភាពនៃសង្គម ជាពិសេសអំឡុងការបោះឆ្នោតជាតិ។ បណ្ឌិត អ៊ិន ចាន់នី បានកត់សម្គាល់ឃើញថា អំឡុងមុនពេលបោះឆ្នោតជាតិកាលពីអាណត្តិមុនៗ ពិសេសកាលពីឆ្នាំ២០១៨ មានសន្ទុះអតិថិជននាំគ្នាសម្រុកទៅដកប្រាក់សន្សំជាច្រើនចេញពីធនាគារ ក៏ប៉ុន្តែ សម្រាប់ឆ្នាំ២០២៣នេះ ដែលជាឆ្នាំបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ស្ថានភាពវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហាក់មិនសូវប្រែប្រួល និងមានការព្រួយបារម្ភអ្វីនោះទេ។ ដ្បិតជិតដល់ថ្ងៃបោះឆ្នោតជាតិ ក៏ពិតមែន ប៉ុន្ដែអតិថិជនមិនបានសម្រុកទៅដកប្រាក់ចេញពីធនាគារ ដូចអំឡុងឆ្នាំ២០១៨នោះឡើយ។ ក៏ប៉ុន្តែ នៅឆ្នាំ២០២៣នេះ ប្រាក់បញ្ញើសន្សំក្នុងធនាគារមានកំណើនខ្លាំង គួរឲ្យកត់សម្គាល់ទៅវិញ។ ទោះយ៉ាងណា អ្វីដែលអ្នកជំនាញក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការព្រួយបារម្ភនាពេលនេះ គឺការកើនឡើងនូវអត្រាប្រាក់កម្ចីនៅបរទេស ទៅវិញទេ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ដោយឡែក សម្រាប់លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញពីស្ថានភាពនៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ថា នៅក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៣នេះ ស្ថានភាពឥណទានថ្មីៗ ហាក់មានការថយចុះធៀបនឹងឆ្នាំមុន ខណៈដែលឥណទានមានហានិភ័យកើនដល់ ៤,៨% សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល។ ដោយឡែក វិស័យមីក្រូហិរញ្ញវត្ថុ ឥណទានមានហានិភ័យស្ថិតក្នុងកម្រិតតជាង ៣% ខណ:តាមស្តង់ដារអន្តរជាតិ ឥណទានមានហានិភ័យក្រោម ៥% ត្រូវបានចាត់ទុកថា ជាកម្រិតល្អប្រសើរនៅឡើយ។

ដោយឡែក សម្រាប់ស្ថានភាពវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ អំឡុងពេលការបោះឆ្នោតជាតិខាងមុខនេះ លោកបានកត់សម្គាល់ឃើញថា មិនទាន់មានអ្វីប្រែលប្រួលគួរឲ្យកត់សំគាល់នៅឡើយនោះទេ។ ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យមានការព្រួយបារម្ភក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នោះគឺការដំឡើងអត្រាការប្រាក់កម្ចីរបស់ធនាគារកណ្ដាលនៅអាមេរិក ដែលបានជំរុញឲ្យថ្លៃដើមតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាមានការកើនឡើង។

សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ (ដោយមិនរាប់បញ្ចូលធនាគារ) បានផ្តល់ឥណទានជូនប្រជាពរដ្ឋប្រមាណជាង ២លានគណនី ក្នុងទំហំឥណទានសរុបជាង ៩ពាន់លានដុល្លារអាមេរិក។ ដោយឡែក ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើទាំង៥ បានកើនឡើងដល់ជាង ៤ពាន់៨រយលានដុល្លារ កើនឡើង ២,៨% បើធៀបទៅនឹងត្រីមាសមុន ដោយមានអតិថិជនដាក់ប្រាក់បញ្ញើសរុបជាង ២លាន៧សែនគណនី កើនឡើង ១,៧% ធៀបនឹងត្រីមាសមុន។

ដោយឡែក សម្រាប់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានផ្តល់ដល់វិស័យក្រុមគ្រួសារមានចំនួន ៣៣,២% ពាណិជ្ជកម្ម និងជំនួញមាន ២៣,៣% កសិកម្ម ១៧,៨% សេវាកម្ម ១៣,៦% និងវិស័យផ្សេងៗទៀត ១២,២%។ នេះបើតាមរបាយការណ៍ដែលផ្ដល់ដោយលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៕