Alynana Media Cambodia
Icon Collap
clinic narit

បរិមាណផលិតមីជូរហឹរ កើនឡើង២ខ្ទង់ ​រហូតមានចំនួនដល់ ១០០លានកញ្ចប់​ ពីមួយឆ្នាំទៅមួយឆ្នាំ

Media LNN | Jun 26, 2023
បរិមាណផលិតមីជូរហឹរ កើនឡើង២ខ្ទង់ ​រហូតមានចំនួនដល់ ១០០លានកញ្ចប់​ ពីមួយឆ្នាំទៅមួយឆ្នាំ
Clinic narith

ប្រទេសចិន៖​ ការផលិតកម្មមីជូរហឹរ​ ទីក្រុងលីវចូវ ខេត្តក្វាងស៊ី ត្រូវបានចាត់ទុកថា​ បានចូលរួមចំណែក​កែប្រែជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទរបស់រដ្ឋាភិបាលចិន។​ មិនតែប៉ុណ្ណោះ​ទីក្រុងលីវចូវមួយនេះ ក៏ត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលផលិតរថយន្ត ដ៏ល្បីល្បាញ នៅក្នុងប្រទេសចិនផងដែរ។ជាក់ស្ដែង​ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូអ្នកសារព័ត៌មានកម្ពុជា ១៤រូប បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតមីជូរហឹររបស់ក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. ដែលជាក្រុមហ៊ុនផលិត និងចែកចាយមីជូរហឹរធំជាងគេមួយ ក្នុងចំណោមក្រុមហ៊ុន​ផ្សេងទៀត នៅក្នុងទីក្រុងលីវចូវ​ កាលពីថ្ងៃទី១៧ ខែមិថុនាថ្មីៗនេះ។

បើតាមការបញ្ជាក់ពីលោក Chen Bo អគ្គនាយករងនៃក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. បានថ្លែង​ថា ក្រុមហ៊ុនខ្លួនបានបើកដំណើរការរយៈពេល ៨ឆ្នាំហើយ ដោយការផ្តោតសំខាន់លើការផលិត និងកែច្នៃ មីជូរហឹរ។ បច្ចុប្បន្ន ផលិតផលមីជូរហឹររបស់ក្រុមហ៊ុននេះ មាន៥រសជាតិ គឺរសជាតិដើម, មានរសជាតិប៉េងប៉ោះ, រសជាតិឆ្អឹងស៊ុប, រសជាតិថែមហឹរ និងរសជាតិថែម(ក្អិន)ស្អុយ​។ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ប្រមាណ៣ម៉ឺននាក់ តាមរយៈការធ្វើកិច្ចសន្យាទទួលទិញផលិផលកសិផល​ដែលជាវត្ថុធាតុដើមក្នុងការផលិតមីជូរហឹរនេះ។

លោក Chen Bo បានគូសបញ្ជាក់យ៉ាងដូច្នេះថា​ «ដោយសាររោងចក្រទិញវត្ថុធាតុដើមពីប្រជាកសិក​រ។ តាំងពីពេលរោងចក្របង្កើតដំបូង ក៏មានការបារម្ភដែរពីប្រជាកសិករដែរ។ ពួកគាត់ខ្លាចថារោងចក្រមិនទទួលទិញផលិតផលរបស់ពួកគាត់។ ប៉ុន្តែវិធីសាស្ត្ររបស់រោងចក្រ គឺផ្តល់លុយទៅកសិករសិន ហើយកាត់កងលុយវិញ នៅពេល​កសិករលក់កសិផលមកឱ្យរោងចក្រនៅពេលដាំដុះបាន»។

អគ្គនាយករងរូបនេះ​ បានបញ្ជាក់បន្ថែមថា​ ក្នុងមួយឆ្នាំទៅមួយឆ្នាំ បរិមាណផលិតមីរបស់ក្រុមហ៊ុន គឺកើនឡើង២ខ្ទង់ ខណៈបរិមាណផលិត​ក្នុងឆ្នាំ២០២២ គឺមានចំនួន ១០០លានកញ្ចប់។ នៅក្នុងឆ្នាំ២០២៣នេះ លោកក៏នៅមានសុទិដ្ឋិនិយមចំពោះកំណើនផលិតកម្ម នៅក្នុងក្រុមហ៊ុនរបស់ខ្លួនផងដែរ ដោយសារប្រជាប្រិយភាព និងការនិយមចូលចិត្តរបស់អតិថិជន ទាំងក្រុងប្រទេសចិន និងក្រៅប្រទេស។បន្ថែមពីនេះ​ លោកអគ្គនាយករង​ បានបញ្ជាក់ទៀតថា​ ក្រៅពីលក់នៅប្រទេសចិន យីហោមីជូរហឹរ​របស់ក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. ក៏ត្រូវបានចែកចាយនៅ​ក្រៅ​ប្រទេស​ដែរ ដូចជា ទីផ្សារអាម៉េរិក ទីផ្សារនៅតំបន់អាស៊ី ​សិង្ហបុរី ម៉ាឡេស៊ី។​ ប្រទេសកម្ពុជា ក៏មានវត្តមានមីជូរហឹររបស់ក្រុមហ៊ុននេះដែរ។ «បច្ចុប្បន្ន តាមរយៈឈ្មួញចែកចាយ ផលិតផលមីជូរហឹរត្រូវបាននាំចូលទៅ​ប្រទេសកម្ពុជាហើយ​ ដោយសារតែតំបន់នេះនៅជិតនឹងប្រទេសកម្ពុជា។ លោករំពឹងថា ផលិតផលមីជូរហឹរ នឹងទទួលបានការគាំទ្រកាន់តែច្រើនថែមទៀតពីប្រជាជនកម្ពុជា។ ដូច្នេះការដឹកជញ្ជូនមានភាពងាយស្រួលផងដែរ។ ហើយតាមរយៈបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុន ដោយសារតែរសជាតិរបស់ប្រជាពលរដ្ឋតំបន់លីវចូវ និងរសជាតិនៅកម្ពុជា ស្រដៀងគ្នា។ ដូច្នេះនៅកម្ពុជាក៏លក់ដាច់ដែរ ហើយរសជាតិដែលដាច់ជាងគេ គឺ(មីជូរហឹរ)រសជាតិដើម»៕