គិតត្រឹម៥ខែដំបូងនៃឆ្នាំ២០២៣ រថយន្តបង់រំលស់របស់ប្រជាជនថៃ ប្រហែល ៨០,០០០ ទៅ ៩០,០០០គ្រឿង ត្រូវបានគេរឹបអូស និងដាក់លក់ដេញថ្លៃ ខណៈតួលេខនេះគឺជាចំនួនដែលកើនឡើងលើសពីឆ្នាំមុនចន្លោះពី ៣%ទៅ៥% ឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ថៃត្រូវបានជាប់ឈ្មោះជាប្រទេសដែលមានប្រជាជនជាប់បំណុលច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍។ ជាក់ស្ដែងគិតត្រឹមដំណាច់ឆ្នាំ២០២២ បំណុលគ្រួសារប្រជាជនបូកបញ្ចូលគ្នាមានរហូតដល់ទៅជាង ១៥.៩ពាន់ពាន់លានបាត (ប្រមាណ ៤៧០ពាន់លានដុល្លារ) ខណៈទំហំតួលេខនៃបំណុលនេះគឺស្មើនឹង ៨៦.៩% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃបាត់ទៅហើយ។
ប្រធានផ្នែកស្រាវជ្រាវម៉ាក្រូ និងទ្រព្យសម្បត្តិ នៅក្រុមហ៊ុន CGS-CIMB Securities លោក Jitipol Puksamatanan បានលើកឡើងថា «បំណុលគ្រួសារថៃបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានកត្តាជម្រុញពី គោលនយោបាយរបស់រដ្ឋាភិបាល កម្ចីទិញផ្ទះដំបូង និងកម្ចីទិញរថយន្តដំបូង»។ ការកើនឡើងប្រាក់កម្ចីគ្រួសារ និងប្រាក់កម្ចីមិនដំណើរការ បង្កផលប៉ះពាល់ជាខ្លាំងទៅលើវិស័យនៃការជួល ការទិញ និងអាជីវកម្មមិនមែនធនាគារ ព្រមទាំងសេដ្ឋកិច្ចប្រទេសថៃទាំងមូល។
តាមពិតទៅកាលពីឆ្នាំ២០២១ បំណុលពលរដ្ឋថៃបានហក់ខ្ពស់រហូតដល់ទៅ៩០% នៃផលិតផលក្នុងស្រុកសរុបប៉ុន្ដែនៅឆ្នាំ២០២២ ក៏ធ្លាក់ចុះមកវិញបន្តិចសល់ត្រឹម៨៦% នៃGDP។ បើទោះជាកម្រិតបំណុលធ្លាក់ចុះបន្តិចពិតមែនប៉ុន្ដែវានៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ខណៈធនាគារកណ្ដាលរបស់ថៃចង់រក្សានៅត្រឹម៨០% ចុះក្រោមនៃទំហំGDPសរុប។
ធនាគារកណ្ដាលរបស់ថៃបានកំណត់ថាបើកម្រិតបំណុលពលរដ្ឋថៃលើស៨០% នៃ GDPសរុប គឺអាចបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ចរបស់ថៃរយៈពេលវែងនិងបង្កហានិភ័យដល់ស្ថេរភាពហិរញ្ញវត្ថុរបស់ថៃថែមទៀតផង។ បើមើលមកស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន អត្រាអតិផរណានិងអត្រាការប្រាក់ ធនាគារកណ្ដាលថៃបានព្យាករថាប្រសិនបើគ្មានការអនុវត្តពីការរៀបចំឥណទានឡើងវិញទេនោះ កម្រិតបំណុលនឹងរក្សានៅ៨៤% ត្រឹមឆ្នាំ២០២៧។
រដ្ឋលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ចជាតិរបស់ថៃ លោក Danucha Pichayanan បានសង្កត់ធ្ងន់ថា «កម្រិតបំណុលពលរដ្ឋថៃអាចនឹងឈានដល់ចំណុលមួយដែលមានការព្រួយបារម្ភខ្លាំងដូច្នេះសម្រាប់រដ្ឋាភិបាលអាណត្តិបន្ទាប់ត្រូវតែត្រួតពិនិត្យឲ្យម៉ត់ចត់ហើយត្រូវដោះស្រាយបញ្ហានេះតាមរយៈការរៀបចំធ្វើឥណទានឡើងវិញនិងជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋថៃ»។
លោកបានបន្ថែមទៀតថាបញ្ហាបំណុលពលរដ្ឋថៃនេះមិនមែនប៉ះពាល់តែពលរដ្ឋនោះទេ ប៉ុន្ដែប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល។ ជាពិសេសនឹងកាត់បន្ថយតម្រូវការដែលជាកត្តាជំរុញសេដ្ឋកិច្ច ព្រមទាំងធ្វើឱ្យពលរដ្ឋជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរទៀតផង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះធនាគារកណ្ដាលថៃកំពុងរៀបចំគ្រប់គ្រងការជួលរថយន្ត និងម៉ូតូ ដើម្បីពង្រឹងការការពារអ្នកប្រើប្រាស់ និងដោះស្រាយបំណុលគ្រួសារ។ ទន្ទឹមនឹងនោះក្រសួងហិរញ្ញវត្ថុក៏បានរាយការណ៍ដែលថា ប្រតិបត្តិការនៅក្នុងវិស័យជួលរថយន្តមានចំនួន ១២.៤%នៃបំណុលគ្រួសារសរុប ហើយចំនួននេះក៏កំពុងបន្តកើនឡើងថែមទៀតផងដែរ៕