អ៊ីស្រាអែល៖ ក្រុមសមាជិកសភាអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យទី២៥ មិថុនា បានចាប់ផ្តើមជជែកដេញដោលលើសំណើកែប្រែប្រព័ន្ធតុលាការ ដែលបានបង្កឲ្យផ្ទុះការតវ៉ាទ្រង់ទ្រាយធំរហូតដល់បច្ចុប្បន្ន។
ការធ្វើកំណែទម្រង់នេះ នឹងរឹតត្បិតអំណាចរបស់តុលាការកំពូល ហើយត្រូវបានញុះញង់ដោយក្រុមចម្រុះជាតិនិយមសាសនារបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu។ចំណាត់ការកាលពីថ្ងៃអាទិត្យបានដំណើរការឡើងវិញដ្រាយលោក Netanyahu ដែលបានផ្អាកកាលពីខែមីនា បន្ទាប់ពីការតវ៉ាដ៏ធំជាច្រើនខែ។
កាលពីយប់ថ្ងៃសៅរ៍ទី២៤ មិថុនា ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ដែលប្រឆាំងនឹងច្បាប់នេះ បានបិទផ្លូវហាយវ៉េដ៏ធំនៅទីក្រុង Tel Aviv ។លោក Netanyahu បានប្រកាសកាលពីសប្តាហ៍មុនថា ការចរចាសម្របសម្រួលជាមួយគណបក្សប្រឆាំងមិនមានផ្លែផ្កា ហើយបានបញ្ជាឲ្យស្តារច្បាប់មួយចំនួនឡើងវិញ។ ក្រុមសមាជិកសភាចម្រុះបានបង្ហាញថា សេចក្តីស្នើច្បាប់ថ្មីនេះ នឹងមិនសូវតឹងរ៉ឹងដូចសំណើមុនៗ ដែលមានបំណងទប់អំណាចរបស់តុលាការកំពូលស្ទើរតែទាំងស្រុងក្នុងការសម្រេចប្រឆាំងនឹងអង្គនីតិប្រតិបត្តិ។
ប៉ុន្តែក្រុមអ្នករិះគន់យល់ឃើញថាវាជាការប៉ុនប៉ងទប់ស្កាត់ឯករាជ្យភាពរបស់តុលាការដោយលោក Netanyahu ដែលកំពុងស្ថិតក្នុងការជំនុំជម្រះក្ដីនៅឡើយលើបទចោទប្រកាន់អំពើពុករលួយដែលលោកបដិសេធ។
មេដឹកនាំគណបក្សប្រឆាំងលោក Yair Lapid នៅលើ Twitter បានជំរុញឲ្យលោក Netanyahu បញ្ឈប់ច្បាប់នេះ និងចរចាឡើងវិញរហូតដល់ យើងឈានដល់កិច្ចព្រមព្រៀងដែលនឹងការពារលទ្ធិប្រជាធិបតេយ្យ និងទប់ស្កាត់គ្រោះមហន្តរាយជាតិ ។ ការផ្លាស់ប្តូរប្រព័ន្ធតុលាការដែលបានស្នើឡើងក៏បានបង្កឲ្យមានក្ដីបារម្ភពីលោកខាងលិច ផងដែរអំពីសុខភាពលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល និងធ្វើឲ្យក្រុមអ្នកវិនិយោគិន មានការខ្លាចរអា៕