Alynana Media Cambodia
Icon Collap
clinic narit

វៀតណាមនឹងបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម ដល់ដំណាច់ឆ្នាំនេះ ដើម្បីជំរុញសេដ្ឋកិច្ច

Media LNN | Jun 27, 2023
វៀតណាមនឹងបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម ដល់ដំណាច់ឆ្នាំនេះ ដើម្បីជំរុញសេដ្ឋកិច្ច
Clinic narith

(ហាណូយ)៖ សមាជិកសភាវៀតណាម កាលពីចុងសប្តាហ៍មុនបានអនុម័តផែនការ របស់រដ្ឋាភិបាល ដើម្បីបន្តវិធានការកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) លើទំនិញ និងសេវាកម្មរហូតដល់ដំណាច់ឆ្នាំនេះ ដើម្បីជំរុញការប្រើប្រាស់ និងផលិតកម្មក្នុងស្រុក ខណៈដែលសេដ្ឋកិច្ចប្រឈមនឹងការធ្លាក់ចុះ តម្រូវការពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការកាត់បន្ថយពន្ធលើតម្លៃបន្ថែមមកត្រឹម ៨ភាគរយពី ១០ភាគរយ ដែលអនុវត្តតាំងពីដើមឆ្នាំមុន មិនអាចអនុវត្តទេចំពោះសេវាកម្ម និងផលិតផលធនាគារ ហិរញ្ញវត្ថុ និងអចលនទ្រព្យ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងព្យាយាមទប់ស្កាត់ការធ្លាក់ចុះកំណើនសេដ្ឋកិច្ច ដោយសារតម្រូវការទន់ខ្សោយ នៅក្នុងទីផ្សារសំខាន់ៗរបស់ខ្លួន បន្ទាប់ពីកំណើនផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី១ បានថមថយដល់ ៣.៣ភាគរយពី ៥.៩ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Ho Duc Phoc បានឱ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលផ្ញើទៅកាន់រដ្ឋសភាកាលពីខែមុនថា «វិធានការនេះនឹងជំរុញការប្រើប្រាស់ ដូច្នេះវាគាំទ្រដល់សកម្មភាពអាជីវកម្ម និងផលិតកម្ម»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការនាំចេញរបស់ប្រទេសជាមណ្ឌលផលិតកម្ម ក្នុងតំបន់នេះបានធ្លាក់ចុះ ១២.៣ភាគរយក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ដោយសារការធ្លាក់ចុះការនាំចេញផលិតផលសំខាន់ៗដូចជាស្មាតហ្វូន អេឡិចត្រូនិក និងសម្លៀកបំពាក់ជាដើម។
ការកាត់បន្ថយពន្ធលើតម្លៃបន្ថែមត្រូវបានរំពឹងថានឹងជំរុញការប្រើប្រាស់ក្នុងស្រុកដើម្បីប៉ះប៉ូវដល់ការធ្លាក់ចុះការនាំចេញខ្លាំង៕