ចិន៖ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញឲ្យឃើញភ័ស្តុតាងថ្មីនៃកម្មវិធី «ចារកម្ម» របស់ប្រទេសចិន ដោយក្នុងនោះរួមទាំងការហោះពីលើប្រទេសជប៉ុន និងកោះតៃវ៉ាន់ ដែលត្រូវបានគេប្រទះឃើញផងដែរ ហើយសារព័ត៌មាន BBC បានរាយការណ៍ពីការអះអាងរបស់ប្រទេសជប៉ុន ដែលថា មានបាឡុងហោះនៅលើទឹកដីរបស់ខ្លួន និងដែលបានប្រាប់ថា ខ្លួនត្រៀមបាញ់ទម្លាក់បាឡុងនោះ នាពេលខាងមុខ។
កាលពីដើមឆ្នាំនេះ ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានចាប់ផ្ដើមរង្គោះរង្គើ នៅពេលដែលមានការចោទប្រកាន់ថា បាឡុងចារកម្មរបស់ចិន ត្រូវបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រអាមេរិក ដោយប្រទេសចិនបានអះអាងថា បាឡុងដែលឃើញនៅភាគពាយព្យអាមេរិក កាលពីចុងខែមករានោះ គឺជាយានស៊ីវិល ដែលប្រើសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ដូចជាឧតុនិយមជាដើម ហើយថា វាជាព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ និងដាច់ដោយឡែក។ អតីតអ្នកវិភាគអាស៊ីបូព៌ារបស់ភ្នាក់ងារស៊ើបការសម្ងាត់ CIA លោក John Culver បានប្រាប់កម្មវិធីព័ត៌មាន BBC Panorama ថា៖ «នេះមិនមែនជារឿងទើបកើតឡើងតែម្ដងនោះទេ ប៉ុន្តែជាការបន្តកិច្ចប្រឹងប្រែង ដែលមានអាយុកាលយ៉ាងហោចណាស់ក៏៥ឆ្នាំដែរ។ បាល់ឡុងរបស់ចិន ត្រូវបានរចនាឡើងជាពិសេសសម្រាប់បេសកកម្មរយៈចម្ងាយឆ្ងាយទាំងនេះ ហើយមួយចំនួនទៀត ទំនងជាបានហោះជុំវិញពិភពលោកទៀតផង»។
ដោយធ្វើការជាមួយក្រុមហ៊ុន Synthetaic ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) ដែលបានពិនិត្យមើលទិន្នន័យយ៉ាងច្រើន ដែលថតដោយផ្កាយរណបរបស់ BBC បានឃើញរូបភាពជាច្រើននៃបាឡុងហោះឆ្លងកាត់អាស៊ីបូព៌ា។ ស្ថាបនិកក្រុមហ៊ុន លោក Corey Jaskolski បានរកឃើញភ័ស្តុតាងមួយ ដែលបាឡុងហោះកាត់ភាគខាងជើងប្រទេសជប៉ុន កាលពីដើមខែកញ្ញា ឆ្នាំ២០២១។ រូបភាពទាំងនេះ មិនត្រូវបានផ្សព្វផ្សាយនោះទេកាលពីមុន៕