(ចិន)៖ តូបអាហារមួយចំនួននៅក្នុងប្រទេសចិន បានដាក់ចេញនូវមុខម្ហូបយ៉ាងថ្មីសន្លាងមួយ ដែលកំពុងតែអង្រួននៅលើបណ្ដាញសង្គមចិន ជាមួយនឹងគ្រឿងផ្សំបែបធម្មជាតិពិតៗ ហើយអាចកែច្នៃបានថែមទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ មុខម្ហូបនោះ មានដើមកំណើតចេញពីខេត្ត Hubei និងមានឈ្មោះថា suodiu ដែលមានន័យថា «បឺតចោល» ហើយគ្រឿងផ្សំសំខាន់របស់វា គឺជាគ្រាប់ក្រួស។ អតិថិជនគ្រាន់តែបឺតជញ្ជក់គ្រាប់ក្រួស ដើម្បីស្រួបយករសជាតិហឹរដ៏ឆ្ងាញរបស់វា ហើយបោះគ្រាប់ក្រួសទាំងនោះចោល ជាការស្រេច។ វីដេអូរបស់មុខម្ហូបនេះ កំពុងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងបណ្ដាញសង្គមចិន ក្នុងសប្ដាហ៍កន្លងមកនេះ។
មុខម្ហូបនេះក៏មិនស្មុគស្មាញក្នុងការធ្វើនោះដែរ ដោយចុងភៅគ្រាន់តែធ្វើការចាក់ប្រេងម្ទេសទៅលើដុំក្រួស ស្រោចទឹកខ្ទឹមឱ្យសព្វ រួចកូរឱ្យសព្វជាមួយខ្ទឹមស និងម្ទេសហាន់ជាបន្ទះៗ នេះបើយោងតាមវីដេអូនៅលើបណ្ដាញ Xiaohongshu ដែលដូចនឹង Instagram នៅក្នុងប្រទេសចិន។
ចុងភៅម្នាក់ដែលបានចម្អិនម្ហូបនេះ បាននិយាយថា គ្រឿងផ្សំរបស់វាគឺជាមូលហេតុដែលមុខម្ហូបនេះមានប្រជាប្រិយភាពខ្លាំង ហើយវាកំពុងល្បីខ្លាំងដូចជាស្រា។ តម្លៃរបស់វាក៏មិនកបពពកនោះដែរ ដោយក្នុងមួយចានតូចមានតម្លៃប្រហែល ១៦ យ័ន (២.៣០ ដុល្លារអាមេរិក) ប៉ុណ្ណោះ។
ប្រភេទក្រួសដែលពួកគេបានយកមកចម្អិន ក៏អាចយកវាទៅទុកនៅផ្ទះធ្វើជាវត្ថុអនុស្សាវរីយ៍បានផងដែរ ប្រសិនបើអ្នកទិញមិនដឹងថា ត្រូវចោលនៅទីណា។
គួរឱ្យដឹងដែរថា Suodiu ត្រូវបានគេជឿថា មានអាយុកាលរាប់រយឆ្នាំមកហើយនៅប្រទេសចិន។ វាត្រូវបានបន្តជាច្រើនជំនាន់ដោយអ្នកប្រកបរបរតាមទូក នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ កាលពីសម័យដើម អ្នកចុះទូកអាចជាប់គាំងនៅកណ្តាលទន្លេ ហើយអាចនឹងអស់អាហារ ទើបបានជាពួកគេយកក្រួសធ្វើជាម្ហូប៕