Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាជោគជ័យលើការដាក់ដេញថ្លៃសំបុក្រត្រចៀកកាំលើកទី២

Media LNN | Jun 28, 2023
កម្ពុជាជោគជ័យលើការដាក់ដេញថ្លៃសំបុក្រត្រចៀកកាំលើកទី២
Clinic narith

សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា បានរៀបចំពិធីដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំជាលើកទី២ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដោយសម្រេចបានជោគជ័យលើសពីការរំពឹងទុក។ប្រធានសមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជាបានអះអាងថា តាមរយៈការដាក់ដេញថ្លៃនេះ មិនត្រឹមតែបង្កើតភាពងាយស្រួលដល់អ្នកអភិរក្សផ្ទះត្រចៀកកាំ និងម្ចាស់អាជីវកម្មកែច្នៃសំបុកត្រចៀកកាំក្នុងការស្វែករកទីផ្សារទិញ-លក់សំបុកត្រចៀកកាំប្រកបដោយគុណភាព និងបរិមាណសមស្របនោះទេ ប៉ុន្ដែ ក៏ជាឱកាសធ្វើឱ្យទីផ្សារផលិតផលត្រចៀកកាំកម្ពុជា កាន់តែមានភាពទូលំទូលាយទាំងនៅក្នុង និងក្រៅប្រទេស និងជាឱកាសបង្កើនផលិតភាព ផលិតផលត្រចៀកកាំកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ។

លោកស្រី វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការដាក់ដេញថ្លៃសំបុកត្រចៀកកាំជាលើកទី២នេះ គឺទទួលបានលទ្ធផលជោគជ័យ លើសពីការរំពឹងទុក ដោយមានការចូលរួមពីក្រុមហ៊ុនប្រមូលទិញធំៗជាច្រើន។ តាមរយៈការដាក់ដេញថ្លៃនេះ វាបានផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនទាំងនេះ ក្នុងការប្រមូលទិញសំបុកត្រចៀកកាំយកទៅផលិត ព្រោះថា ក្នុងនោះមានការបែងចែកប្រភេទសំបុកត្រចៀកកាំទៅតាមកម្រិតគុណភាពផលិតផលនីមួយៗទៅតាមស្តង់ដា និងតាមការកំណត់ទីផ្សារទិញ-លក់ច្បាស់លាស់ជាដើម។ យ៉ាងណាមិញ សម្រាប់លទ្ធផលនៃការដេញថ្លៃលើកទី២នេះ លោកស្រី វ៉ា សូជិន បញ្ជាក់ថា សមាគមបានជួយសម្របសម្រួលស្វែករកទីផ្សារទិញ-លក់ដល់អ្នកអភិរក្សផ្ទះត្រចៀកកាំ និងម្ចាស់អាជីវកម្ម កែច្នៃសំបុកត្រចៀកកាំដោយលក់បានសំបុកត្រចៀកកាំចំនួន១៦០គីឡូក្រាម។លោកស្រី វ៉ា សូជិន បានបន្ថែមទៀតថា ការៀបចំដាក់ឱ្យដេញថ្លៃនេះទៀតសោត ក៏ជាការចាប់ផ្តើមមួយរបស់កម្ពុជាក្នុងការបង្កើតឱកាស បើកចរន្តទីផ្សារត្រចៀកកាំកម្ពុជាកាន់តែទូលំទូលាយជាងមុនទាំងនៅក្នុងស្រុក និងក្រៅស្រុកសម្រាប់នាំចេញផងដែរ។

ដោយឡែក សម្រាប់ការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅប្រទេសចិនវិញ លោកស្រី វ៉ា សូជិន អះអាងថា ការងារនេះកំពុងខិតជិតដល់ភាពជោគជ័យហើយ ដោយមកទល់ពេលនេះភាគីទាំងសងខាងកម្ពុជា-ចិន កំពុងមានការជំរុញខ្លាំងនូវផែនការនាំចេញផលិតផលសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ប្រទេសចិននេះ ពោលគឺក្រសួងពាក់ព័ន្ធមួយចំនួន ដូចជាក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មជាដើម កំពុងមានការមមាញឹកខ្លាំងក្នុងការរៀបចំធ្វើយ៉ាងណាឱ្យការងារនេះអាចសម្រេចបានជោគជ័យឆាប់ៗនេះ។ បើតាម ប្រធានសមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជារូបនេះ ទីផ្សារប្រទេសចិនគឺជាទីផ្សារធំមួយរបស់កម្ពុជា ពីព្រោះថាប្រទេសចិនមានប្រជាជនច្រើន ហើយប្រជាជនចិនមានតម្រូវការផលិតផលសំបុកត្រចៀកកាំខ្ពស់ ប៉ុន្ដែ ទាមទារឲ្យកម្ពុជាត្រូវពង្រឹងគុណភាពផលិតផលសំបុកត្រចៀកកាំឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕