តម្រូវការដំឡូងមីនៅថៃកំពុងមានការកើនឡើង ខណៈដែលទិន្នផលនៅថៃកំពុងមានបញ្ហាដោយសារគ្រោះរាំងស្ងួតរហូតធ្វើឱ្យការប្រមូលផលដំណាំដំឡូងមីមិនគ្រប់គ្រាន់ ដែលធ្វើឱ្យការផ្តត់ផ្គង់ទៅកាន់ទីផ្សារមានការខ្វះខាត រហូតធ្វើឱ្យថៃរំពឹងការនាំចូលដំឡូងមីពីប្រទេសជិតខាងដូចជា កម្ពុជា និង ឡាវ ប្រហែល ២,៤លានតោន ដើម្បីបំពេញតម្រូវការបន្ថែម។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ការនាំចេញដំឡូងមីរបស់ថៃឆ្នាំនេះត្រូវប៉ាន់ស្មានថាមានចំនួន ៩លានតោន ខណៈដែលកាលពីឆ្នាំ ២០២២ កន្លងទៅថៃអាចនាំចេញដំឡូងមីទៅក្រៅប្រទេសបាន ១១លានតោន (ធ្លាក់ចុះ ២លានតោន)។ការធ្លាក់ចុះនេះកើតឡើងដោយតែក្នុងឆ្នាំនេះទិន្នផលដំឡូងមីថយចុះព្រោះមានគ្រោះរាំងស្ងួត ដែលបណ្តាឱ្យការប្រមូលផលទាប ការនាំចេញក៏ធ្លាក់ចុះ។ស្របពេលនៃការធ្លាក់ចុះនេះ លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានថៃ បាននិយាយថា “នៅក្នុងឆ្នាំនេះ ដំឡូងមីនិងផលិតផលដំឡូងមីរបស់ថៃមានតម្រូវការខ្ពស់ ប៉ុន្តែទិន្នផលដំឡូងមីបែរជាមិនល្អព្រោះតែគ្រោះរាំងស្ងួត និងមួយទៀតគឺកសិករថៃមួយចំនួនចាប់ផ្តើមងាកទៅដាំអំពៅវិញ ជាហេតុធ្វើឱ្យដំឡូងមីមានតម្លៃថ្លៃមួយកម្រិតទៀត ខណៈបច្ចុប្បន្នតម្លៃដើមដំឡូងមីស្រស់នៅថៃមានតម្លៃចន្លោះពី៣,១ទៅ ៣,៥៥បាតក្នុងមួយគីឡូក្រាម ( ៣៦០រៀលទៅ៤១៥រៀល)” ។
គូសបញ្ជាក់ផងដែរថា សម្រាប់រយៈពេល៥ខែនៃឆ្នាំនេះ ថៃបាននាំចេញដំឡូងមី និងផលិតផលដំឡូងមីចំនួន ៤,៧៣លានតោនធ្លាក់ចុះ២១ភាគរយបើធៀបឆ្នាំមុន ដែលមានតម្លៃ១,៧ពាន់លានដុល្លារ។ហើយប្រទេសដែលនាំចេញដំឡូងពីប្រទេសថៃមាន ចិនជាទីផ្សារធំបំផុត បន្ទាប់ពីនោះមានប្រទេសជប៉ុន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងប្រទេសដទៃផ្សេងទៀត៕