ហាងឆេងមាសលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមបន្តដាំក្បាលចុះខណៈព័ត៌មាននៅអាមេរិកនិងអឺរ៉ុបបានដាក់សម្ពាធជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃនេះមាសលើទីផ្សារអន្តរជាតិបានធ្លាក់ចុះមកដល់១៩០៧ដុល្លារក្នុងមួយអោន(ស្មើនឹង២២៩៨ដុល្លារក្នុងមួយតម្លឹង)។
បើយោងតាមការចុះផ្សាយរបស់Kitco បានឲ្យដឹងថាមាសបានបន្តធ្លាក់ថ្លៃដោយសាររងសម្ពាធពីការដំឡើងការប្រាក់ដុល្លារអាមេរិកនិងការដំឡើងការប្រាក់នៅទីផ្សារអឺរ៉ុប។
ជុំវិញកត្តាដែលបានរៀបរាប់ខាងលើត្រូវបានលោក Edward Moya អ្នកវិភាគទីផ្សារនៃក្រុមហ៊ុនOANDA លើកឡើងថាមាសស្ថិតក្នុងចំណុចហានិភ័យពោលគឺអាចនឹងធ្លាក់ថ្លៃក្រោម១៩០០ដុល្លារក្នុងមួយអោន។ លោកបានបន្តទៀតថាមាសរងសម្ពាធហើយធ្លាក់ថ្លៃជាបន្តបន្ទាប់ចាប់តាំងពីដើមខែឧសភាមកម្ល៉េះ។
បើទោះបីជាមាសលើទីផ្សារអន្តរជាតិចាប់ផ្ដើមបន្តធ្លាក់ថ្លៃក៏ដោយតែហាងឆេងមាសនៅទីផ្សារស្រុកយើងមិនទាន់ានការប្រែប្រួលនៅឡើយ។ នៅថ្ងៃនេះហាងឆេងមាសក្នុងស្រុកមានតម្លៃ២២៨ដុល្លារក្នុងមួយជី។ សូមរងចាំតាមដានឆេងហាងមាសនៅថ្ងៃស្អែកថាតើនឹងប្រែប្រួលឬអត់។