Alynana Media Cambodia
Icon Collap
clinic narit

ពលរដ្ឋ​វ័យ​ចំណាស់​នៅខេត្ត សៀមរាប នៅតែ​បន្ដ​របរ​ត្បាញកន្ទេល​ផ្អាវ​ត​ពី​ដូនតា​

Media LNN | Jun 29, 2023
ពលរដ្ឋ​វ័យ​ចំណាស់​នៅខេត្ត សៀមរាប នៅតែ​បន្ដ​របរ​ត្បាញកន្ទេល​ផ្អាវ​ត​ពី​ដូនតា​
Clinic narith

សៀមរាបៈ ​ផ្អាវ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដុះ​ដោយ​ឯកឯង​ដែល​ភាគច្រើន​ដុះ​នៅក្នុង​ព្រៃ តែ​វា​បានផ្តល់​ប្រយោជន៍​ជាច្រើន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ បច្ចុប្បន្ន​មាន​ប្រជា​ពលរដ្ឋ​ចំនួន​ ៣​ ភូមិ​ប្រមាណ ​៤០០ ​គ្រួសារ នៅ​ឃុំ​លាងដៃ ក្នុងស្រុក​អង្គរធំ ខេត្ត​សៀមរាប នៅតែ​រក្សា​ប្រពៃណី​ត្បាញកន្ទេល​ផ្អាវ​ដោយ​ដៃ​ត​ពី​ដូនតា​មក​។

​ក្នុង​សភាព​ស្បែក​ជ្រីវជ្រួញ​ស្ទើរតែ​ពេញ​ផ្ទៃមុខ និង​យូរៗ​ម្តង​យកដៃ​សើយ​ក្រមា​ដាក់​នៅ​ក្បាល នោះ​ហើយ​គឺជា​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​កំពុង​អង្គុយ​ត្បាញកន្ទេល​ផ្អាវ​នៅក្រោម​ផ្ទះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ខ្ពស់​ពី​ដី​ក្នុងភូមិ​តា​ប្រុក ឃុំ​លាង​ដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។​

​អ្នកស្រី នាម វ៉ើ​ន អាយុ ​៦៨​ ឆ្នាំ​បាន​រៀប​រាប់​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ អ្នកស្រី​រស់នៅ​ភូមិ​តា​ប្រុក ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។ អ្នកស្រី​មានកូន​ចំនួន​ ៤​ នាក់ ​(​ប្រុស ​៣ ស្រី​១)​ តែ​ពួកគេ​មាន​ប្តី​-​ប្រពន្ធ​រៀងៗ​ខ្លួន​អស់ហើយ​។ បច្ចុប្បន្ន​អ្នកស្រី​មាន​របរ​ត្បាញកន្ទេល​ពី​ដើម​ផ្អាវ និង​ពឹង​អាស្រ័យ​នៅ​ជាមួយ​កូនស្រី​ម្នាក់​។​

​អ្នកស្រី​បានឱ្យដឹងថា ការ​ត្បាញកន្ទេល​ពី​ដើម​ផ្អាវ​នេះ​គឺជា​របរ​របស់​អ្នកភូមិ​តា​​ប្រុក​ដែលមាន​តាំងពី​ដូនតា​មក ហើយ​អ្នកស្រី​ចេះ​ត្បាញកន្ទេល​នេះ​តាំងពី​នៅ​អាយុ​ ១៤ ​ឆ្នាំ​ម្ល៉េះ។ ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ប្រកប​របរ​នេះ​ភាគច្រើន​មានតែ​មនុស្ស​ចាស់​ទេ ដែល​នៅ​តស៊ូ​ធ្វើ​កន្ទេល​ផ្អាវ ចំណែកឯ​យុវជន​បច្ចុប្បន្ន​វិញ​មិនអាច​តស៊ូ​ត្បាញ​បាន​ដូច​មនុស្ស​ជំនាន់​មុន​ទេ ព្រោះ​ការងារ​ត្បាញកន្ទេល​នេះ​មាន​ច្រើន​ដំណាក់កាល ទម្រាំ​តែ​អាច​ផលិត​ឱ្យ​កើតចេញ​ជា​កន្ទេល ​១ ​បាន​។​

​បើតាម​អ្នកស្រី នាម វ៉ើ​ន នៅក្នុង​ស្រុក​អង្គរធំ​ឬ​នៅ​តំបន់​ផ្សេងៗ​ក្នុង​ខេត្តសៀមរាប មិនមាន​ដើម​ផ្អាវ​សម្រាប់​កាប់​ធ្វើ​កន្ទេល​ទេ ដូច្នេះ​អ្នក​ដែល​ស្វែងរក​ដើម​ផ្អាវ​មក​លក់ គឺ​ពួកគាត់​ទៅ​កាប់​រហូតដល់​ខេត្តកំពង់ធំ​ឯណោះ​ទើប​មាន​ហើយ​មានតែ​នៅក្នុង​ព្រៃ​ជ្រៅៗ​ប៉ុណ្ណោះ​។ អ្នកស្រី​បាន​ទិញ​ដើម​ផ្អាវ​គិត​ជា​បាច់​ដោយ​ក្នុង​ ១​ បាច់ៗ​មាន​ ១០​ ដើម​តម្លៃ​ ២ ៥០០​ រៀល​។

 

​ចំពោះ​ដំណើរ​ការធ្វើ​កន្ទេល​វិញ​អ្នកស្រី​ប្រាប់ថា មុនដំបូង​យើង​យក​ដើម​ផ្អាវ​មក​សកសម្បក​ចេញ បន្ទាប់មក​ពុះ​ជា​ចម្រៀក​ជា​ចម្រៀក​ហើយ​យកទៅ​ហាលថ្ងៃ​ចន្លោះ​ពី​ ៣​ ទៅ​ ៤​ ថ្ងៃ​ឱ្យ​ស្ងួត​ល្អ​ទើប​យក​វា​ទៅ​ត្រាំ​ទឹក​ឱ្យបាន​ ១ ​ថ្ងៃ ហើយ​បន្ទាប់មក​យកទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត​ម្តងទៀត​។​

​អ្នកស្រី​បាន​រៀបរាប់​ទៀតថា ចម្រៀក​ផ្អាវ ក្រោយពី​ហាលថ្ងៃ​លើក​ទី​២​ រួច ទើប​គេ​យក​វា​ទៅ​ស្ងោរ​ជ្រលក់​ល័ក្ត​ឱ្យទៅជា​ពណ៌​ផ្សេងៗ​ដែល​ចង់បាន ហើយ​បន្ទាប់​មក​យកទៅ​ចង​ព្យួរ​ហាលខ្យល់​ឱ្យ​ស្ងួត​ទើប​យកមក​ត្បាញ​។ ចំពោះ​ខ្នាត​ដែល​ពេញនិយម​គឺ​កន្ទេល​ផ្អាវ​ ១ ​មាន​ទទឹង​ ១​ ម៉ែត្រ​កន្លះ និង​បណ្ដោយ​២​ម៉ែត្រ​ត្រូវ​ចំណាយពេល​អង្គុយ​ត្បាញ​ជាង​កន្លះ​ខែ ទើប​រួចរាល់​។​

​អ្នកស្រី​បាន​និយាយថា​៖ «​អ្នកធ្វើ​កន្ទេល​ផ្អាវ​ទាល់តែ​អ្នកនោះ​អត់ធ្មត់ និង​ព្យាយាម​ណាស់​ទើប​អាចធ្វើ​ទៅបាន​តែបើ​មិន​អ៊ីចឹង​ទេ​ធ្វើ​មិនកើត​ទេ​។ ខ្ញុំ​ចង់​ថែរក្សា​ទំនៀមទម្លាប់​មាន​តាំងពី​ដូនតា​មក​ក៏​ចេះតែ​ខំព្យាយាម​ទៅ​តែបើ​អត់​ពី​ជំនាន់​ខ្ញុំ​ប្រហែលជា​គ្មាន​អ្នក​បន្តវេន​ទេ​»​។​

​ចំពោះ​ការលក់​កន្ទេល​វិញ អ្នកស្រី​បានបញ្ជាក់​ថា បើ​កន្ទេល​ដែលមាន​ខ្នាត​ទទឹង​ ១ ​ម៉ែត្រ​កន្លះ​ (១,៥០​ម៉ែត្រ​)​ និង​បណ្តោយ​ ២ ​ម៉ែត្រ​លក់​ក្នុងតម្លៃ ១២ ម៉ឺន​រៀល តែបើ​ខ្នាត​ ១,៦០ ​ម៉ែត្រ និង​បណ្តោយ ២ ម៉ែត្រ លក់ ​១៣ ​ម៉ឺន​រៀល​ក្នុង​កន្ទេល​ ១ ហើយ​បើ​ទទឹង ​១​ ម៉ែត្រ​កន្លះ និង​បណ្តោយ​ ២ ​ម៉ែត្រ​កន្លះ លក់​ថ្លៃ​ ១៥ ​ម៉ឺន​រៀល​។​ដោយសារតែ​កន្ទេល​រប​ស់​អ្នកស្រី​មាន​ថតរូប​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដូច្នេះ​មាន​មនុស្ស​ដឹង​ច្រើន ហើយ​គេ​តែងតែ​កុម្ម៉ង់​ទិញ​ពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ពិសេស​អតិថិជន​នៅ​រាជធានី​ភ្នំពេញ​។​

​ពាក់ព័ន្ធ​នឹង​របរ​ត្បាញកន្ទេល​ផ្អាវ​នេះ លោក​ គឿន កើប មេឃុំ​លាងដៃ បានឱ្យដឹងថា របរ​ត្បាញកន្ទេល​ផ្អាវ​ក្នុង​ឃុំ​លោក​មាន​ច្រើនជាងគេ ព្រោះ​ជា​មុខរបរ​ប្រពៃ​ណី​តាំងពី​ដូនតា​មក ហើយ​ក្រោយ​ពីថ្ងៃ​​រំដោះ​ ៧ ​មករា ឆ្នាំ ​១៩៧៩ ប្រជាពលរដ្ឋ​បាន​បន្ត​មុខរបរ​របស់គាត់​ទៀត​។ របរ​ត្បាញកន្ទេល​ផ្អាវ​នេះ​តាមពិតទៅ​មាន​ស្ទើរ​គ្រប់​ភូមិ តែមាន​ភូមិ​ចំនួន​ ៣ ប្រជា​ពលរដ្ឋ​ត្បាញ​ច្រើនជាងគេ គឺ​ភូមិ​តា​ប្រុក ភូមិ​សំរោង និង​ភូមិ​ស្ពាន​ថ្មី​ក្នុងចំណោម​ភូមិ​ចំនួន ៨​ នៃ​មេឃុំ​លាងដៃ​ដោយមាន​ពលរដ្ឋ​ប្រមាណ​ចន្លោះ​ពី​ ៣០០​ ទៅ ​៤០០​ គ្រួសារ​ជា​អ្នក​ត្បាញកន្ទេល​ពី​ដើម​ផ្អាវ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កាលពីមុន វា​មាន​ធនធាន​ដើម​ផ្អាវ​នៅក្នុង​ស្រុក តែ​ឥឡូវ​ដើម​ផ្អាវ​ខ្សត់​ដោយសារតែ​អ្នក​ត្បាញកន្ទេល​កាប់​។ ម្យ៉ាង​ដើម​ផ្អាវ​នេះ​វា​ពឹង​ផ្អែកលើ​ធនធានធម្មជាតិ ដល់ពេល​ដើមឈើ​មិនសូវ​ដុះ វា​ក៏​មិន​ដុះ​ដែរ​ព្រោះ​អា​ផ្អាវ​នេះ​បើ​មានព្រៃ​ធម្មជាតិ​ដុះ​ច្រើន​វា​ក៏​លូតលាស់​តាម​គេ​ដែរ​»​។​

​លោក​បាន​បន្តថា ទាំង​ ៣ ​ភូមិ​ខាងលើនេះ​អាច​និយាយបានថា ពួកគាត់​ជា​អ្នក​កាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ពី​ដូនតា​តរៀងមក ហើយ​កន្ទេល​ផ្អាវ​ដែល​ពួកគាត់​ត្បាញ​ស្អាតៗ​ណាស់​។ ប៉ុន្តែ​អ្នក​ត្បាញ​ភាគច្រើន​ជា​មនុស្ស​មាន​វ័យ​ពី​ ៤០​ ដល់​ ៧០​ ឆ្នាំ រីឯ​ក្មេងៗ​ដែល​នៅមាន​កម្លាំង គឺ​គេ​ទៅធ្វើ​ការងារ​ណា​ឆាប់​រកលុយ​បាន ព្រោះ​កន្ទេល​កន្លះ​ខែ​ទើប​ត្បាញ​បាន ​១​។ ការ​ត្បាញកន្ទេល​ផ្អាវ​នេះ​ចេះតែ​ថយ​ចំនួន​អ្នក​ត្បាញ​បន្តិច​ម្តងៗ​ដោយសារ​ពិបាក​រក​ដើម​ផ្អាវ​។​

​បើតាម​លោក គឿន កើប កន្ទេល​ផ្អាវ​នេះ​មិនមែន​ងាយស្រួល​ក្នុងការ​ធ្វើ​ទេ វា​ទាមទារ​ឱ្យ​អ្នកនោះ​មានចិត្ត​អំណត់​អត់​ធ្មត់​ខ្លាំងណាស់​ទើប​ធ្វើបាន​។ ដោយ​សារ​ទៅ​កាប់់​បាន​ពី​ព្រៃ​ហើយ​យកមក​ត្រូវ​ស្ទោះ​យក​បន្លា​ចេញ ហើយ​ត្រូវ​ពុះ​ច្រៀក​ដើម​របស់​ឱ្យ​វា​តូចៗ រួច​យកទៅ​ហាលថ្ងៃ​ហើយ​បន្ទាប់មក​ស្ងោរ​ជ្រលក់​ពណ៌​ទើប​អង្គុយ​ត្បាញ​ជា​ក្រឡា​។ ទោះ​យ៉ាងណា​របរ​ត្បាញកន្ទេល​ផ្អាវ​ក៏​ជួយ​ជីវភាព​អ្នកភូមិ​បានល្អ​ប្រសើរ​ដែរ​។​

​ពាក់ព័ន្ធ​នឹង​កន្ទេល​ផ្អាវ​នេះដែរ លោក​ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ឃុំ​លាងដៃ ស្រុក​អង្គរធំ ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​តំបន់​នោះបាន​ប្រក​បរបរ​ត្បាញកន្ទេល​ផ្អាវ​លក់ ដោយសារ​ដើម​ផ្អាវ​ពីមុនៗ​មក​សម្បូរ​។ ប៉ុន្តែ​ក្រោយៗ​មក កន្លែង​ដែល​ពួកគាត់​ធ្លា​ប់រក​ដើម​ផ្អាវ​បាន ត្រូវគេ​ទិញ​ដី​ឬ​គេ​ចាក់ដី​លុប​អស់​ទៅ​ក៏​កាន់តែ​ធ្វើឱ្យ​ដើម​ផ្អាវ​ថយចុះ​។​

​លោក​បាន​បញ្ជាក់ដែរថា​៖ «​កន្ទេល​ផ្អាវ​នេះ​ជាទូទៅ​គេ​ធ្វើ​នៅ​គ្រប់​ខេត្ត​ដែរ​ហ្នឹង គ្រាន់តែ​ថា​នៅ​ខេត្តសៀមរាប​គេ​ចូលចិត្ត​ប្រើ​ច្រើនជាងគេ បើ​នៅ​ខេត្ត​ដទៃ​គេ​មិនសូវ​សម្បូរ​ផ្អាវ គេ​ប្រើតែ​ស្លឹកត្នោត​ទៅ​។ កន្ទេល​ផ្អាវ​វា​ជាប់​ជាង មើល​ទៅ​វា​ទន់​រលោង​ហើយ​ប្រើប្រាស់​ស្រួល​ជាង​កន្ទេលស្លឹកត្នោត​ឬ​កន្ទេលកក់​»៕