កាណាដា៖ ផ្ទៃមេឃដែលពោរពេញទៅដោយផ្សែងអ័ព្ទពីចំហេះព្រៃ នៅប្រទេសកាណាដា កាលពីថ្ងៃពុធ (ទី២៨ មិថុនា) បានហោះអណ្ដែតគ្របពាសពេញតំបន់ភាគខាងលិចប៉ែកណ្ដាល និងភាគខាងកើតរបស់សហរដ្ឋអាមេរិក ដែលនៅតំបន់ទាំងនោះប្រជាជនអាមេរិករាប់លាននាក់ ត្រូវបានជំរុញឲ្យបន្ថយការធ្វើសកម្មភាពក្រៅផ្ទះ ដោយសារគុណភាពខ្យល់មិនល្អ បង្កឲ្យមានគ្រោះថ្នាក់ ដែលមានស្ថានភាពមិនល្អដល់សុខភាព។
ការិយាល័យអាកាសធាតុជាតិ បានឲ្យដឹងថា ភាគច្រើននៃតំបន់ភាគខាងលិចប៉ែកកណ្ដាល ដោយរាប់ពីភាគខាងលិចរដ្ឋអៃអូវ៉ា (Iowa) ឆ្លងកាត់រដ្ឋអ៊ីលីណយ (Illinois) និងវ៉ីសខន់ស៊ីន (Wisconsin) ហើយចូលទៅក្នុងរដ្ឋមិស្ហ៊ីហ្គែន (Michigan) និងអូហៃយ៉ូ (Ohio) ស្ថិតនៅក្រោមការជូនដំណឹងពីគុណភាពខ្យល់ ដែលរំពឹងថា នឹងមានបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) ឬក៏អាចយូរជាងនេះ។ការជូនដំណឹងព្រមានពីគុណភាពខ្យល់បង្កឡើងដោយផ្សែងហុយចេញពីចំហេះព្រៃ ដែលអូសបន្លាយក្នុងប្រទេសកាណាដា ក៏ត្រូវបានធ្វើឡើងផងដែរ សម្រាប់រដ្ឋញូវយ៉ក (New York) ញូវជើស៊ី (New Jersey) ផេនស៊ីលវ៉េណៀ (Pennsylvania) វ៉ាស៊ីនតោន (Washington D.C.) និងផ្នែកខ្លះនៃរដ្ឋណសខារ៉ូឡៃណា (North Carolina)។ គិតត្រឹមនៅរសៀលថ្ងៃពុធ ជនជាតិអាមេរិកជាង ១០០លាននាក់ កំពុងជួបប្រទះជាមួយនឹងគុណភាពខ្យល់មិនល្អ។ អ្នកព្យាករណ៍បានជំរុញឲ្យប្រជាជនដែលរស់នៅក្នុងតំបន់ទាំងនោះ ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលរងផលប៉ះពាល់ដោយជំងឺផ្លូវដង្ហើម កុំធ្វើលំហាត់ប្រាណរយៈពេលយូរ ឬខ្លាំង ហើយប្រសិនបើអាច សុំស្នាក់នៅតែក្នុងផ្ទះ ឬពាក់ម៉ាស។ប្រទេសកាណាដា កំពុងតស៊ូជាមួយនឹងការចាប់ផ្តើមនៃរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន ដែលបានឆាបឆេះរួចហើយនូវផ្ទៃដី ៨លានហិកតា ដោយផ្ទៃដីនេះ មានទំហំធំជាងរដ្ឋវ៉េសវើជីនៀ (West Virginia) ទៅទៀត ហើយកាលពីថ្ងៃពុធ មានភ្លើងឆេះយ៉ាងសកម្មចំនួន ៤៧៧កន្លែង ដោយក្នុងចំណោមកន្លែងឆេះទាំងនោះ ប្រហែលពាក់កណ្តាលត្រូវបានចាត់ទុកថា មិនអាចគ្រប់គ្រងបាន ដោយឆេះរាលដាលពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិក៕