នៅរយៈពេល ៥ខែឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៧៥គម្រោង ដែលមានទំហំវិនិយោគសរុបជាង ៦៤៨លានដុល្លារអាមេរិក។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ចំនួនគម្រោងវិនិយោគបានថយចុះចំនួន ៥គម្រោង ខណៈទុនវិនិយោគវិញបានធ្លាក់ចុះរហូតប្រមាណជាង ២ពាន់លានដុល្លារ ឯណោះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ដ្បិតថា គម្រោងវិនិយោគនិងទុនវិនិយោគដែល CDC បានអនុម័ត ហាក់មានការធ្លាក់ចុះ ក៏ពិតមែន តែអ្នកជំនាញនៅតែបានកត់សម្គាល់ឃើញពីសញ្ញាណវិជ្ជមាននៃវិស័យវិនិយោគនៅកម្ពុជា ជាពិសេសអនុក្រឹតស្ដីពី ការអនុវត្តច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបបានចុះហត្ថលេខានាពេលថ្មីៗនេះ នឹងជួយជំរុញវិស័យវិនិយោគនៅកម្ពុជាថែមមួយកម្រិតទៀត។
យោងតាមរបាយការណ៍ដែលផ្ដល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ស្ថានភាពវិនិយោគនៅកម្ពុជា ហាក់មានការថយចុះ នៅរយៈពេល ៥ខែឆ្នាំ២០២៣ ខណៈចំនួនគម្រោងវិនិយោគ និងទុនវិនិយោគសុទ្ធតែបានធ្លាក់ចុះ។ ជាក់ស្ដែង នៅរយៈពេល ៥ខែឆ្នាំ២០២៣ CDC បានអនុម័តគម្រោងវិនិយោគចំនួន ៧៥គម្រោង ជាមួយទុនវិនិយោគសរុបជាង ៦៤៨លានដុល្លារ ប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅរយៈពេល ៥ខែឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន ៨០គម្រោង ជាមួយទំវិនិយោគសរុបរហូតជិត ២ពាន់៨រយលានដុល្លារ ឯណោះ។ ក៏ប៉ុន្តែ បើទោះជាបែបនេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ចាប់ពីដើមឆ្នាំ រហូតមកដល់ពាក់ណ្ដាលឆ្នាំ២០២៣នេះ ស្ថានភាពវិនិយោគនៅកម្ពុជា កាន់តែវិវត្តន៍ទៅរកភាពវិជ្ជមាន ល្អប្រសើរ។
ម្យ៉ាងវិញទៀត តាមរយៈដាក់ឲ្យអនុវត្តនូវច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញ និងជំរុញការវិនិយោគនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ជាពិសេសនឹងបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត។បើតាម CDC តាមរយៈលិខិតបទដ្ឋានគតិយុត្តនេះនឹងកាន់តែទាក់ទាញវិនិយោគិន ព្រោះតែលិខិតបទដ្ឋានគតិយុត្តនេះនឹងផ្តល់នូវបរិស្ថានវិនិយោគ និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ច្បាប់ស្ដីពីការវិនិយោគថ្មីនៅកម្ពុជា ត្រូវបានអនុម័តនៅអំឡុងខែតុលា ឆ្នាំ២០២១ ដោយច្បាប់នេះ បានជួយសម្រួលដល់ការវិនិយោគ ជាពិសេសការវិនិយោគពីក្រៅស្រុក។ ច្បាប់នេះផងដែរ នឹងជួយការពារទៅដល់វិនិយោគិនបរទេសក្នុងការដោះស្រាយបញ្ហាណាមួយដែលកើតឡើងក្នុងពេលនៃការវិនិយោគ។ លើសពីនេះច្បាប់នេះ ក៏មានការលើកទឹកចិត្តដល់វិនិយោគិនក្នុងការងាកទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសម្រួលដល់ការធ្វើការងារអោយកាន់តែជឿនលឿន និងស្របទៅតាមសម័យកាលឧស្សាហកម្ម ៤.០។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងពាក់ព័ន្ធបានសម្រួលទៅលើការយកពន្ធគយបន្ថែម ពីលើក្រុមហ៊ុនបរទេសដែលមកដាក់ទីតាំងវិនិយោគលើទឹកដីកម្ពុជា ដើម្បីជាការជួយបន្ថយថ្លៃដើមក្នុងការផលិត ជំរុញអោយផលិតផលនោះចរាចរណ៍នៅក្នុងទីផ្សារក្នុងស្រុក ក៏ដូចជា ការនាំចេញរបស់ក្រុមហ៊ុនវិនិយោគផងដែរ។
សូមបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុបដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តនារយៈពេល ៥ខែឆ្នាំ២០២៣ មានចំនួន ៥៩គម្រោង គឺជាគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ជាមួយទុនវិនិយោគសរុបជាង ៥៣៥លានដុល្លារ។ រីឯ គម្រោងវិនិយោគនៅដែលក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ មានចំនួន ១៦គម្រោង ជាមួយទុនវិនិយោគសរុបជាង ១១៣លានដុល្លារ។ គម្រោងវិនិយោគភាគច្រើន ជាគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម មានរហូត ៦៨គម្រោង ជាមួយទុនវិនិយោគសរុបជាង ៤៥៨លានដុល្លារ។ ក្រៅពីនោះ ជាគម្រោងស្ថិតក្នុងវិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ៤គម្រោង ជាមួយទុនវិនិយោគសរុបជាង ១២០លានដុល្លារ និងវិស័យទេសចរណ៍ ចំនួន ៣គម្រោង ជាមួយទុនវិនិយោគសរុបជាង ៦៨លានដុល្លារ។ ចិនជាប្រទេសដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា ច្រើនជាងគេ ដែលបានក្ដោបក្ដាប់ជាង ៦៣% នៃទុនវិនិយោគសរុប បន្ទាប់មកវិនិយោគិនក្នុងស្រុកជាប់ចំណាត់ថ្នាក់ទី២ ដោយបានក្ដោបក្ដាប់ជាង ១៥% និងវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ដែលបានក្ដោបក្ដាប់ជាង ១១%នៃទំហំវិនិយោគ។ នេះបើយោងតាមរបាយការណ៍របស់ CDC៕