ខណៈពេលដែលសេដ្ឋកិច្ចមិនអំណោយផល បានធ្វើឱ្យវិនិយោគិនមួយចំនួនកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ដោយមានក្រុមហ៊ុនខ្លះប្រកាសក្ស័យធន ហើយខ្លះទៀតក៏កំពុងដាក់លក់អចលនទ្រព្យខ្លួនជាបណ្ដើរៗផងដែរ។ ជាក់ស្ដែងក៏មានម្ចាស់ផ្ទះមួយចំនួន នៅក្នុងទីក្រុងសៀងហៃ កំពុងបញ្ចុះតម្លៃផ្ទះរបស់ខ្លួនរហូតដល់១០ភាគរយ ដើម្បីទាក់ទាញអតិថិជន ស្របពេលទីផ្សារអចលនទ្រព្យមិនសូវជាអំណោយផង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ។យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Centaline Property បានឱ្យដឹងថា ផ្ទះល្វែងដែលមានកម្មសិទ្ធិ(pre-owned flats)ប្រហែល២០០.០០០ខ្នង នៅទីក្រុងសៀងហៃ ត្រូវបានដាក់លក់នៅចុងខែមេសា កើនឡើងពីប្រហែល១០០.០០០ខ្នង នៅពាក់កណ្តាលខែមីនា។ក្នុងនោះ លោក Song Yulin អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅភ្នាក់ងារអចលនទ្រព្យ Lianjia បានលើកឡើងថា “ម្ចាស់ផ្ទះកាន់តែច្រើនបានសម្រេចចិត្តដកប្រាក់ចេញ ពីព្រោះពួកគេកំពុងភ្នាល់ថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះ ដោយម្ចាស់ផ្ទះមួយចំនួនបានរៀបចំផែនការ ធ្វើចំណាកស្រុកទៅបរទេស ហើយពួកគេសប្បាយចិត្តនឹងតម្លៃបច្ចុប្បន្ន ទោះបីជាត្រូវលក់បញ្ចុះតម្លៃយ៉ាងណាក្តី”។
យោងតាមក្រុមហ៊ុន Centaline បានឱ្យដឹងថា ផ្ទះដែលត្រូវបានកាន់កាប់ជាមុន សរុបចំនួន២៤.០០០យូនីត បានផ្លាស់ប្តូរម្ចាស់នៅក្នុងខែមីនា តាមពីក្រោយដោយ១៧.៧០០យូនីត នៅក្នុងខែមេសាកន្លងទៅ។ ចំណែក ប្រតិបត្តិការនៅក្នុងខែឧសភា បានធ្លាក់ចុះ១៣,៣ភាគរយទៀត មកនៅត្រឹមតែ១៥.៣០០យូនីតប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ការរីកដុះដាលនៃការលក់ផ្ទះ នៅទីក្រុងសៀងហៃហួសប្រមាណ ដែលអាចធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះបន្ថែមទៀត គឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងជាប់គាំង នៅក្នុងអ្វីដែលអ្នកជំនាញមួយចំនួន ហៅថា“Death spiral”៕