ប្រទេសជប៉ុន និងសហភាពអឺរ៉ុបនឹងផ្ដល់ព័ត៌មានដល់គ្នាទៅវិញទៅមកស្តីពីការឧបត្ថម្ភធន និងការគាំទ្រផ្សេងទៀត ដែលពួកគេបានផ្តល់ឱ្យក្រុមហ៊ុនផលិតបន្ទះគ្រឿងចម្លងអគ្គិសនីមួយចំនួនដោយធ្វើការសម្របសម្រួលរួមគ្នាជាមួយនឹងសហរដ្ឋអាមេរិកដើម្បីចែកចាយធនធានប្រកបដោយប្រសិទ្ធភាព និងជៀសវាងការខ្ជះខ្ជាយផលិតផល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។គម្រោងការណ៍ចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក រវាងប្រទេសជប៉ុននិងសហភាពអឺរ៉ុប ស្ដីពីឧបត្ថម្ភធនសម្រាប់គ្រឿងអេឡិចត្រូនិក នឹងគ្របដណ្តប់លើចំណុចមួយចំនួនដូចជាលក្ខណៈវិនិច្ឆ័យសម្រាប់ការឧបត្ថម្ភធន, តម្លៃនិងហេតុផលនៅពីក្រោយជំនួយរបស់ភាគីនីមួយៗ, ព្រមទាំងការផ្គត់ផ្គង់ផ្ទៃក្នុង និងតម្រូវការដែលគេរំពឹងថានឹងបង្កើតឡើងតាមរយៈការលើកទឹកចិត្តមួយចំនួន។
រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura) និងលោក ធៀរី ប្រេតថុន (Thierry Breton) ដែលជាស្នងការអឺរ៉ុបសម្រាប់ទីផ្សារផ្ទៃក្នុង ត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងមួយនៅដើមខែកក្កដាខាងមុខនេះ។
នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយទីក្រុងតូក្យូ និងទីក្រុងប្រ៊ុចសែល រួមជាមួយទីក្រុងវ៉ាស៊ីនតោនផង។ តាមពិត ប្រទេសជប៉ុននិងសហភាពអឺរ៉ុបបានចែករំលែកព័ត៌មាននេះរួចមកហើយ ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះគ្រឿងចម្លងអគ្គិសនីកាន់តែរឹងមាំ និងមានស្ថិរភាពជាងមុន នៅចំពេលដែលហានិភ័យពាណិជ្ជកម្មជាមួយប្រទេសចិនកំពុងត្រូវបានកាត់ផ្តាច់ដោយសារទំនាក់ទំនងមានការរអាក់រអួល។ការចែករំលែកព័ត៌មាននេះនឹងជួយឱ្យដៃគូអាចស្វែងយល់ថា តើគេត្រូវផលិតបន្ទះគ្រឿងចម្លងអគ្គិសនីប្រភេទណាមួយ និងនៅកន្លែងណា ដើម្បីបំពេញតម្រូវការក្នុងគ្រាមានអាសន្ន។ ហើយការឧបត្ថម្ភធនរបស់ជប៉ុន ដែលបានប្រព្រឹត្តទៅយ៉ាងឆាប់រហ័សឆ្ពោះទៅតាមទិសដៅនេះ អាចផ្តល់នូវឯកសារយោងសម្រាប់សហភាពអឺរ៉ុប ដែលពីមុនមកមិនសូវជាចាប់អារម្មណ៍ពីគំនិតនេះប៉ុន្មានទេ។ រីឯសហរដ្ឋអាមេរិកវិញ ប្រទេសនេះក៏មិនទាន់ផ្តល់ការឧបត្ថម្ភធនណាមួយនោះដែរ បើទោះជាបានកំណត់ថវិកាសម្រាប់ការឧបត្ថម្ភធននេះហើយក៏ដោយ។
សូមរំលឹកថា ប្រទេសជប៉ុនបានផ្តល់ថវិកាសរុបចំនួន ១៤ ពាន់លានដុល្លារ សម្រាប់ការលើកទឹកចិត្តបែបនេះក្នុងរយៈពេល ២ ឆ្នាំ រហូតដល់ឆ្នាំសារពើពន្ធ ២០២៣។ សហរដ្ឋអាមេរិកគ្រោងនឹងចំណាយ៥២ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ រហូតដល់ឆ្នាំ២០២៧ ហើយសហភាពអឺរ៉ុប កាលពីខែមេសា បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ស្ដីពីច្បាប់ត្រៀមកញ្ចប់ថវិកាចំនួន ៤៧ ពាន់លានដុល្លារក្នុងការវិនិយោគសាធារណៈនិងឯកជននៅត្រឹមឆ្នាំ២០៣០។
ការសម្របសម្រួលបែបនេះក៏អាចជួយបញ្ចៀសការផ្តល់មូលនិធិត្រួតលើគ្នា ដែលអាចប៉ះពាល់ដល់តុល្យភាពនៃការផ្គត់ផ្គង់ដែរ។ ទោះជាការផ្គត់ផ្គង់មានភាពតឹងតែងសម្រាប់បន្ទះឈីបទំនើបៗ ដែលប្រើក្នុងកម្មវិធីនានា ដូចជាបញ្ញាសិប្បនិមិត្តនាពេលនេះក៏ដោយ ក៏ការវិនិយោគច្រើនពេកនៅទូទាំងប្រទេសអាចធ្វើឱ្យទីផ្សារបន្ទះគ្រឿងចម្លងចរន្តអគ្គិសនីមានភាពហូរហៀរនាពេលអនាគត។
លោក ស៊ូយ៉ូស៊ី កាវ៉ាសេ (Tsuyoshi Kawase) សាស្ត្រាចារ្យនៅមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យសូហ្វៀ (Sophia) បាននិយាយថា ការចែករំលែកព័ត៌មានស្តីពីការឧបត្ថម្ភធនក្នុងចំណោមរដ្ឋាភិបាលនេះ ជាការអភិវឌ្ឍថ្មីមួយនៅក្នុងពិភពលោក៕