យោងតាមនាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.០រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃសុក្រទី៣០ខែមិថុនា បានធ្វើឲ្យរង្គើដល់ស្រុកមួយចំនួនក្នុងខេត្ត Chiang Rai និងតំបន់នៅជាប់ៗនោះ។មន្ទីរអង្កេតការរញ្ជួយដីរបស់នាយកដ្ឋាននេះ បានរាយការណ៍ថា ការរញ្ជួយដី បានកើតឡើងនៅម៉ោង១១:៤៦នាទីយប់ថ្ងៃសុក្រទី៣០ខែមិថុនា ក្នុងប្រទេសមីយ៉ាន់ម៉ា មានចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីស្រុក Mae Sai នៃខេត្ត Chiang Rai នៃប្រទេសថៃ។
ប្រជាពលរដ្ឋក្នុងស្រុក Mae Sai, Mae Chan និង Muang នៃខេត្តភាគខាងជើងមួយនេះ និងតំបន់ក្បែរៗនោះ សុទ្ធតែបានរាយការណ៍អំពីការរង្គើ។ អ្នកស្ថិតនៅក្នុងអគារខ្ពស់ៗមួយចំនួន ក៏បានកត់សម្គាល់ឃើញថា អគាររបស់ពួកគេញ័រដែរ។
ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរមូលដ្ឋាន បានបញ្ជូនមន្ត្រីទៅវាយតម្លៃការខូចខាត នៅតាមតំបន់របស់ពួកគេ។ យ៉ាងណាក្តី មិនមានរបាយការណ៍អំពីមនុស្សស្លាប់និងរបួសទេ។
គួរបញ្ជាក់ថា ថ្វីបើការរញ្ជួយនេះ មានចំណុចកណ្តាលនៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ដោយ ប៉ុន្តែវាបានធ្វើឲ្យរង្គើដល់ប្រទេសថៃ ហើយខេត្តភាគខាងជើងចំនួន៦ បានរងគ្រោះរួចទៅហើយ ដោយសារតែការរញ្ជួយកាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែមិថុនា៕