ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានព្រមព្រៀងគ្នាថានឹងបន្តកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណក្នុងទំហំទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារអាមេរិក។ វាគឺជាសញ្ញាចុងក្រោយមួយដែលបានបង្ហាញភាពល្អប្រសើរនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំង២។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយុនហាប់។ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានឱ្យដឹងថា ការព្រមព្រៀងស្ដារការដោះដូររូបិយប័ណ្ណតម្លៃ ១០ ពាន់លានដុល្លារ ជាមួយប្រទេសជប៉ុន សម្រេចបាននៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ឆូ គ្យុង ហូ (Choo Kyung-ho) និងសមភាគីជប៉ុន លោក ស៊ូនីឈី ស៊ូហ្ស៊ូគី (Shunichi Suzuki) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទ្វេភាគីជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦មក ក្រោយពីប្រទេសទាំង២បានបិទបញ្ចប់កិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំ២០១៥ ចំពេលទំនាក់ទំនងទ្វេភាគីតានតឹងខ្លាំង។
ក្រសួងហិរញ្ញវត្ថុបាននិយាយថា ការរៀបចំកិច្ចព្រមព្រៀងថ្មីក្នុងទំហំទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារនេះ នឹងផ្អែកលើប្រាក់ដុល្លារអាមេរិកជាគោលកំណត់ក្នុងការសម្របសម្រួលដល់ការដោះដូររូបិយប័ណ្ណនៃប្រទេសទាំង២។ ក្រសួងបានបន្ថែមថា កិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណថ្មីនេះនឹងមានរយៈពេល ៣ ឆ្នាំ។
សូមរម្លឹកថា កិច្ចព្រមព្រៀងទ្វេភាគីខាងលើបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០០១ ក្នុងទំហំទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារ និងបានកើនឡើងរហូតដល់ ៧០ ពាន់លានដុល្លារក្នុងឆ្នាំ២០១១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុពិភពលោក។ ក៏ប៉ុន្តែដោយសារតែទំនាក់ទំនងទ្វេភាគីបានឡើងកម្ដៅខ្លាំង ទំហំទឹកប្រាក់នោះក៏បានធ្លាក់ចុះបន្តិចម្តងៗរហូតនៅសល់ត្រឹមតែ ១០ ពាន់លានដុល្លារប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៥។
ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងថ្មីអំពីការប្តូររូបិយប័ណ្ណនេះបានបង្ហាញថា ទំនាក់ទំនងទ្វេភាគីកំពុងងើបឡើងវិញយ៉ាងឆាប់រហ័ស សូម្បីនៅក្នុងផ្នែកហិរញ្ញវត្ថុក៏បែបនេះដែរ បើគិតចាប់តាំងពីមានកិច្ចប្រជុំកំពូលទ្វេភាគីនៅក្នុងខែមីនាកន្លងទៅ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល (Yoon Suk Yeol) បានធ្វើទស្សនកិច្ចដ៏កម្រទៅទីក្រុងតូក្យូក្នុងខែមីនា ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា។ ដំណើរនោះបានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលបានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងរយៈពេល ១២ ឆ្នាំ ហើយលោក គីស៊ីដា ក៏បានឆ្លើយតបវិញ ដោយការបំពេញទស្សនកិច្ចទៅទីក្រុងសេអ៊ូលកាលពីខែឧសភាផងដែរ។
ការដោះដូររូបិយប័ណ្ណគឺជាវិធីមួយដែលអាចជួយទប់ទល់ភាពចលាចលផ្នែកហិរញ្ញវត្ថុ ដោយអនុញ្ញាតឱ្យប្រទេសមួយដែលហ៊ុំព័ទ្ធដោយវិបត្តិសាច់ប្រាក់ អាចខ្ចីបុលប្រាក់ពីប្រទេសដទៃបាន តាមរយៈការប្រើរូបិយប័ណ្ណរបស់ខ្លួន។
ក្រសួងហរិញ្ញវត្ថុកូរ៉េខាងត្បូងក៏បាននិយាយដែរថា បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូងមានកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណជាមួយប្រទេសចំនួន ៨ រួមទាំងកាណាដា ចិន និងអូស្ត្រាលីផងដែរ។ លើសពីនេះទៀត បើតាមក្រសួងដដែល កូរ៉េខាងត្បូងក៏បានរៀបចំកិច្ចព្រមព្រៀងបែបនេះជាមួយរដ្ឋជាសមាជិកអាស៊ានទាំង ១០ ក្នុងទំហំទឹកប្រាក់សរុបយ៉ាងតិចជាង ១៣៨ ពាន់លានដុល្លារ៕