នៅរយៈពេល ៥ខែក្នុងឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសសមាជិកអាស៊ានទាំង៩ សម្រេចបានជាង ៦ពាន់លានដុល្លារអាមេរិក បានថយចុះជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងទំហំទឹកប្រាក់ជាង ២,២ពាន់លានដុល្លារ ខណៈកម្ពុជា បាននាំចូលទំនិញពីតំបន់អាស៊ានវិញ មានទំហំទឹកប្រាក់ជាង ៣,៨ពាន់លានដុល្លារ។ប្រទេសវៀតណាម ដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុត របស់កម្ពុជាធៀបនឹងបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀត ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី រហូតជាង ២,៨ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
ភាពរអាក់រអួលនៃស្ថានភាពពិភពលោក នៅតែបន្តជិះឥទ្ធិពលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដែលធ្វើឲ្យទំហំពាណិជ្ជកម្មកម្ពុជា ជាមួយអន្តរជាតិ រួមទាំងតំបន់អាស៊ាន បានធ្លាក់ចុះ គួរឲ្យកត់សម្គាល់នៅរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២៣។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅរយៈពេល ៥ខែ ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង ៦ពាន់លានដុល្លារអាមេរិក បានថយចុះជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ប្រទេសវៀតណាម បានឈរនៅលំដាប់លេខរៀងទី១ ដែលមានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជា ច្រើនជាងគេរហូតជាង ២,៨ពាន់លានដុល្លារ មានកំណើនជិត ៣% បើធៀបនឹងឆ្នាំមុន។ យ៉ាងណាមិញ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ មានទំហំទឹកប្រាក់ ១,៣ពាន់លានដុល្លារ កើនឡើងជាង ២២% ធៀបនឹងឆ្នាំ២០២២ ខណៈការនាំចូលពីវៀតណាម មានទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ បានថយចុះជិត ១០%។
សម្រាប់ប្រទេសថៃ ដែលជាដៃគូពាណិជ្ជកម្មធំបំផុត របស់កម្ពុជាទី២ មានទំហំពាណិជ្ជកម្មសរុប ជាង ១,៧ពាន់លានដុល្លារ ថយចុះជាង ៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសថៃ មានទំហំទឹកប្រាក់ជាង ៤៨០លានដុល្លារ កើនឡើងជាង ៩% ធៀបនឹងឆ្នាំ២០២២។ ចំណែកឯ ការនាំចូលពីប្រទេសថៃវិញ មានទំហំទឹកប្រាក់រហូតជិត ១,២ពាន់លានដុល្លារ ថយចុះជាង ១៤%។ដោយឡែក បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិសរុបជារួម នៅរយៈពេល ៥ខែឆ្នាំ២០២៣ សម្រេចបានទំហំទឹកប្រាក់សរុបជាង ១៩ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារ បានថយចុះជាង ២% ខណៈការនាំចូលរបស់កម្ពុជាពីអន្តរជាតិវិញ មានទំហំទឹកប្រាក់ជាង ១០ពាន់លានដុល្លារ បានថយចុះជាង ២២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
ដ្បិតថាការធ្វើពាណិជ្ជកម្មរបស់កម្ពុជា នៅរយៈពេល ៥ខែឆ្នាំ២០២៣ ហាក់មានទំនោរធ្លាក់ចុះ តែក្រុមអ្នកជំនាញសេដ្ឋកិច្ចបានកត់សម្គាល់ឃើញថា ចាប់ពីដើមឆ្នាំ រហូតមកដល់ពាក់ណ្ដាលឆ្នាំ២០២៣នេះ ស្ថានភាពសេដ្ឋកិច្ច ក៏ដូចជា ការវិនិយោគនៅកម្ពុជា កាន់តែវិវត្តន៍ទៅរកភាពវិជ្ជមាន ល្អប្រសើរ។ តួយ៉ាង តាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលយ៉ាងណាក្ដី ប៉ុន្ដែ តាមការប៉ាន់ស្មាន កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នៅតែមានភាពរឹងមាំ អាចសម្រេចបាន ៥,៦%។ អត្រាកំណើននេះ គាំទ្រដោយការរក្សាបាននូវកំណើនល្អ នៃកម្មន្ដសាលមិនមែនកាត់ដេរ ដែលបម្រើឲ្យការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក។ ជាមួយគ្នានេះ វិស័យទេសចរ ដែលបានធ្លាក់ចុះយ៉ាងគំហុកនៅអំឡុងពេលកូវីដ១៩នោះ ក៏កំពុងងើបឡើងវិញគួរឲ្យកត់សម្គាល់ តាមរយៈកំណើនទេសចរក្នុងស្រុក និងអន្តរជាតិ៕