មន្ត្រីឧតុនិយមជប៉ុន កំពុងអំពាវនាវឱ្យប្រជាជននៅតំបន់ក្យូស៊ុ (Kyushu) ភាគខាងត្បូងប្រទេសជប៉ុន ឱ្យមានការប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ដែលបានវាយលុកតំបន់នេះកាលពីចុងសប្តាហ៍ ហើយគ្រោងនឹងបន្ត។ ទូរទស្សន៍ជាតិ NHK បានរាយការណ៍នៅថ្ងៃចន្ទទី៣ ខែកក្កដាថា តំបន់ជុំវិញនោះក៏នឹងប្រឈមភ្លៀងធ្លាក់យ៉ាងគំហុកផងដែរ។មន្ត្រីអាកាសធាតុ បានឱ្យដឹងថា តំបន់ក្យូស៊ុ និងជុំវិញនោះ នឹងមានភ្លៀងច្រើនជាង៥០មីលីម៉ែត្រ ក្នុងមួយម៉ោង។ យោងតាមសារព័ត៌មាន NHK បានឱ្យដឹងថា ភ្លៀងធ្លាក់រហូតដល់៦៥មីលីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេលមួយម៉ោងនៅក្នុងខេត្តអូអ៊ីតា Oita នៅព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងប្រទេសជប៉ុន)។ ប្រជាជនត្រូវបានប្រាប់ឱ្យប្រុងប្រយ័ត្នចំពោះការបាក់ដី ទឹកជំនន់នៅតំបន់ទំនាប និងទន្លេ ហើយជាមួយគ្នាក៏មានរន្ទះលាយឡំដោយខ្យល់កន្ត្រាក់ផងដែរ។ មន្ត្រីអាកាសធាតុ បានបង្ហាញថា នៅតំបន់ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ហានិភ័យនៃការរអិលបាក់ដី និងគ្រោះមហន្តរាយផ្សេងៗអាចនឹងកើនឡើង ខណៈដែលដីបានហូរច្រោះដោយសារទឹកភ្លៀងធ្លាក់ខ្លាំង។ សារព័ត៌មានក្យូដូបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានរាយការណ៍នៅតាមទីតាំងជាច្រើននៃភាគខាងលិចទីក្រុងហុនស៊ុ (Honshu) និងតំបន់ក្យូស៊ុ កាលពីថ្ងៃសៅរ៍ បានបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងបានធ្វើឱ្យមនុស្សពីរនាក់ផ្សេងទៀតបាត់ខ្លួន។ ស្របពេលដែល ទឹកទន្លេកើនឡើងបានជំរុញឱ្យមន្ត្រីរដ្ឋបាលក្នុងតំបន់មួយចំនួន ដូចជាទីក្រុងតួយ៉ូណាស៊ី Toyohashi ក្នុងខេត្តអៃឈី Aichi ចេញការព្រមាននៃទឹកជំនន់ធ្ងន់ធ្ងរបំផុតដល់អ្នកស្រុក ដោយអំពាវនាវឱ្យពួកគេផ្លាស់ទីទៅទីទួលសុវត្ថិភាពជាបន្ទាន់។ យ៉ាងហោចណាស់មនុស្ស២លាននាក់ ត្រូវបានណែនាំឱ្យជម្លៀសជាបណ្តោះអាសន្ននៅក្នុងខេត្តជីហ្វូGifu, ស៊ីហ្សូកាShizuoka, អៃឈីAichi និងមី Mie ។ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ បានបង្ហាញថា គ្រួសារប្រហែល៤០០០ នៅក្នុងតំបន់ជិតទីក្រុងតូក្យូបានទទួលរងការដាច់ចរន្តអគ្គិសនីនៅព្រឹកថ្ងៃសៅរ៍ ប៉ុន្តែបញ្ហាភាគច្រើនត្រូវបានដោះស្រាយជាច្រើនម៉ោងក្រោយមក។ ខណៈនៅថ្ងៃដដែលនោះ រថភ្លើង Shinkansen ត្រូវបានផ្អាកជាបណ្ដោះអាសន្នរវាងទីក្រុងតូក្យូ និងណាហ្គោយ៉ា។ តំបន់ខ្លះប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ផ្ទុយទៅវិញសីតុណ្ហភាពបានកើនឡើងនៅកន្លែងជាច្រើននៃភាគខាងលិចទៅភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ហើយកម្តៅដ៏ក្ដៅគគុកត្រូវបានគេរំពឹងថា នឹងបន្តនៅក្នុងតំបន់រួមមាន គីនគី (Kinki) និង តុកៃ (Tokai) នៅថ្ងៃចន្ទ។សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៣៥អង្សាសេ នៅក្នុងទីក្រុងណារ៉ា Nara, ជីហ្វូGifu, ណាហ្គោយ៉ាNagoya និងគូហ្វូKofu និងក្រិត៣២អង្សាសេ នៅកណ្តាលទីក្រុងតូក្យូនៅថ្ងៃចន្ទនេះ។ យោងតាម NHK សីតុណ្ហភាពខ្ពស់នៅពេលថ្ងៃនៅថ្ងៃអាទិត្យបានឡើងដល់៣៥,៣អង្សាសេ នៅទីក្រុងតូយ៉ូតា ក្នុងខេត្តអៃឈី Aichi, ៣៥,១អង្សាសេនៅទីក្រុងស៊ីម៉ាន់តូ Shimanto ក្នុងខេត្តគូឈី Kochi និង ៣១,៧ អង្សាសេនៅកណ្តាលទីក្រុងតូក្យូ។ ទូរទស្សន៍ជាតិបានរាយការណ៍ថា សីតុណ្ហភាពខ្ពស់ក៏អាចបណ្តាលឱ្យមានបរិយាកាសមិនស្ថិតស្ថេរ ហើយមន្ត្រីកំពុងជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ រន្ទះ និងខ្យល់កន្ត្រាក់។
គួររំឭកថា ភ្លៀងធ្លាក់ខ្លាំងក្នុងឆ្នាំ២០២១ បានបង្កឱ្យមានការបាក់ដីដ៏បំផ្លិចបំផ្លាញនៅក្នុងទីក្រុងរមណីយដ្ឋានកណ្តាល Atami ដោយបានសម្លាប់មនុស្ស២៧នាក់។ ហើយនៅឆ្នាំ២០១៨ ទឹកជំនន់ និងការរអិលបាក់ដីបានសម្លាប់មនុស្សជាង២០០នាក់ នៅភាគខាងលិចប្រទេសជប៉ុនក្នុងរដូវវស្សាប្រចាំឆ្នាំរបស់ប្រទេសនេះ៕