គ្រាន់តែឮពាក្យថា សំបុកត្រចៀកកាំ ភាគច្រើនគេតែងតែគិតពីរសជាតិ និងគុណតម្លៃចំពោះសុខភាពដែលទទួលបានពីការទទួលទានភេសជ្ជៈ ឬអាហារដែលចម្រាញ់ចេញពីសំបុកត្រចៀកកាំ។ក្នុងនោះទម្រាំតែផលិតចេញជាភេសជ្ជៈ ឬផលិតផលសម្រេចណាមួយ ទឹកមាត់ ឬសំបុកត្រចៀកកាំត្រូវការការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត រាប់តាំងពីការចិញ្ចឹម ការប្រមូលផល និងផលិតដែលជាហេតុធ្វើឱ្យអាជីវកម្មប្រភេទនេះមានទីផ្សារខ្ពស់ និងមានតម្លៃថ្លៃរហូតដល់រាប់ពាន់ដុល្លារក្នុងមួយគីឡូក្រាម។
លោក ដួង វឌ្ឍន: ជាម្ចាស់អាជីវកម្ម «ផ្ទះត្រចៀកកាំ ១មករា» មួយរូបបានមានប្រសាសន៍ឱ្យដឹងថា អាជីវកម្មយកសំបុកត្រចៀកកាំនេះមានប្រជាប្រិយភាពណាស់ ហើយក៏មានទីផ្សារល្អដែរ ខណៈដែលនៅតាមបណ្តាប្រទេសជិតខាងដូចជា ប្រទេសចិន ថៃ វៀតណាម រង់ចាំទទួលទិញក្នុងតម្លៃថ្លៃគួរសម ដែលយ៉ាងហោចណាស់អាចលក់បានចាប់ពីតម្លៃ ៧០០ដុល្លារឡើងទៅ។
សម្រាប់ការធ្វើផ្ទះត្រចៀកកាំនេះដែរ គេត្រូវផ្ដោតទៅលើទីតាំង បើទីតាំងល្អក៏អាចងាយស្រួល និងធ្វើហើយលឿន ទីពីរគឺបច្ចេកទេសក្នុងការសាងសង់ឱ្យត្រូវតាមស្ថានភាពដើម្បីទាក់ទាញត្រចៀកកាំឱ្យចូលមកនៅនិងការពារពីសត្វផ្សេងៗ។