ភ្នំពេញៈ អ្នក ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញផ្សព្វផ្សាយ LNN បានអោយដឹងថា ក្នុងរយះពេល១ឆមាសដើមឆ្នាំ ២០២៣ការនាំចេញផលិតផល ស្បែកជើងស្បែក កាបូប-វ៉ាលីស្បែក និង គ្រឿងសង្ហារឹមស្បែក ជាដើម មានការធ្លាក់ចុះរហូតដល់ទៅ២៣%បើធៀបទៅនិងឆ្នាំ២០២២កន្លងទៅ ។
អ្នកឧកញ៉ា បានបន្តថា ក្នុងរយៈពេលពេញមួយឆ្នាំ ២០២២ ចំណូលបានរហូតដល់ ១៧៤០ លានដុល្លា ពីការនាំចេញផលិតផល ស្បែកជើងស្បែក កាបូប-វ៉ាលីស្បែក និង គ្រឿងសង្ហារឹមស្បែក ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ទាក់ទងនិងការនាំចេញវីស័យនេះ ភាគច្រើននាំទៅកាន់ទីផ្សារប៉ែកអ៊ឺរ៉ុប អាមេរិក កាណាដា អង់គ្លេស ជប៉ុន និងចិន។
មកដល់សព្វថ្ងៃបញ្ហាធ្លាក់ចុះក៏នៅតែបន្ត ដោយសារកត្តាសំខាន់ៗដូចជា៖ កត្តាថយចុះនៃចំនួនអ្នកប្រើប្រាស់នៅអ៊ឺរ៉ុប កត្តាអតិផរណានៅសហរដ្ឋអាមេរិក និង កត្តាសេដ្ឋកិច្ចនៅបរទេសមិនទាន់ប្រសើរឡើងខ្លាំងនៅឡើយបន្ទាប់ពីការរីករាលដាលនៃជម្ងឺ Covid-19។
អ្នក ឧកញ៉ា ក៏បានបញ្ជាក់យ៉ាងច្បាស់ថាការធ្លាក់ចុះពេលនេះពុំមែនជាការឈប់ប្រើប្រាស់ពីសំណាក់អតិថិជននោះទេ គឺគ្រាន់តែចំនួននៃការប្រើប្រាស់មានការកាត់បន្ថយពីរច្រើនមកតិចតែប៉ុណ្នោះ ។ បើទោះបីជាយ៉ាងណា អ្នក ឧកញ៉ាបានសង្ឃឹមយ៉ាងមុតមាំថា ការនាំចេញនិងមានភាពល្អប្រសើរឡើងវិញបន្ទាប់ពីមានស្ថេរភាពសេដ្ឋកិច្ចពិភពលោកត្រឡប់មកវិញ។