ចិន៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក វ៉ាងយី(Wang Yi) បានលើកឡើងកាលពីថ្ងៃចន្ទនៅក្នុងន័យសំដៅតម្រង់ដាក់សហរដ្ឋអាម៉េរិកថា ប្រទេសចិន ជប៉ុន ហើយនិងប្រទេសកូរ៉េខាងត្បូងត្រូវការបញ្ជូនសញ្ញាច្បាស់លាស់មួយអំពីការបង្កើតក្រុមឡើងវិញសំដៅឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងតស៊ូ “ប្រជែងនឹងកម្លំាងបង្ខំ និងភាពលប់លើ”។
ការលើកឡើងនេះបានកើតមានឡើងនៅក្នុងគ្រាដែលកំពុងតែមានភាពតានតឹងឡើងខ្ពស់ ស្របពេលសហរដ្ឋអាម៉េរិកកាន់តែពន្លឿនភាពជិតស្និទ្ធគ្នាក្នុងទម្រង់សម្ព័ន្ធមិត្តជាមួយនឹងប្រទេសជប៉ុន ហើយនិងប្រទេសកូរ៉េខាងត្បូង ធ្វើយ៉ាងណាដើម្បីរុញឥទ្ធិពលចិនដែលកំពុងតែរះឡើងនៅក្នុងតំបន់នេះ។
លោកវ៉ាង បានរំលេចយ៉ាងច្រើនអំពីការខិតខំប្រឹងប្រែងលើកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមប្រជាជាតិក្បែរខាងទំាងបី នៅឯវេទិកាមួយដែលរៀបចំឡើងដោយលេខាធិការដ្ឋានសហប្រតិបត្តិការត្រីភាគី ជាស្ថាប័នមួយត្រូវបានគេបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងនៅក្នុងចំណោមរដ្ឋការទំាងបីប្រទេសមានរដ្ឋការទីក្រុងប៉េកំាង រដ្ឋការទីក្រុងសេអ៊ូល និងរដ្ឋការទីក្រុងតូក្យូ។
ដោយឡែកក្រសួងការបរទេសចិនឯណោះវិញបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដោយ បានហៅកិច្ចព្រមព្រៀងទំាងបីភាគីនោះថាជា “ការលើកកម្ពស់ស្មារតីស្វ័យភាពយុទ្ធសាស្រ្ត ដើម្បីថែរក្សាការឯកភាព និងស្ថេរភាពក្នុងតំបន់ ក្នុងការតស៊ូនឹងការវិលត្រឡប់មកវិញនូវសង្គ្រាមត្រជាក់ផ្នែកស្មារតី ហើយត្រូវរំដោះចេញពីការបង្ខិតបង្ខំនិងភាពលប់លើ”។
ស្ថិតនៅក្នុងបរិការណ៍នេះដែរ លោក វ៉ាង យីបានគូសបញ្ជាក់បែបម៉ឺងម៉ាត់ថា ត្រូវតែដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ ដោយប្រឆាំងជំទាស់ទៅនឹងពាក្យ ឬទង្វើទំាងឡាយណាដែលអាចនំាយកតំបន់នេះធ្លាក់ចូលក្នុងសង្គ្រាម។
ចំណែកឯរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក ប៉ាក ជីន( Park Jin) ហើយនិងរដ្ឋមន្រ្តីការបរទេសជប៉ុនលោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា(Hayashi Yoshimasa)វិញ បានចូលរួមថ្លែងតាមរយៈតំណភ្ជាប់លីងជាវីដេអូពីចម្ងាយផងដែរ នៅក្នុងកិច្ចប្រជុំនោះ៕