Alynana Media Cambodia
Icon Collap
clinic narit

បារាំង បដិសេធ រឿងបិទបណ្តាញសង្គម ដើម្បីគ្រប់គ្រងកុបកម្ម

Media LNN | Jul 04, 2023
បារាំង បដិសេធ រឿងបិទបណ្តាញសង្គម ដើម្បីគ្រប់គ្រងកុបកម្ម
Clinic narith

 

រដ្ឋាភិបាលបារាំង បានចេញមុខបដិសេធ លើការបិទសេវាអ៊ីនធើណិត នៅតំបន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃកុបកម្មហិង្សា ដោយថា នោះគឺជាព័ត៌មានមិនពិត។ពាក្យចចាមអារ៉ាមនេះ កើតឡើងស្របពេលកុបកម្មទូទាំងប្រទេសបារាំង នៅតែពុះកញ្ជ្រោល ខណៈប៉ូលិសរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយបន្ទាប់ពីពិធីបុណ្យសពរបស់ក្មេងជំទង់ ដែលប៉ូលិសបាញ់សម្លាប់ ព្រោះមិនគោរពច្បាប់។

ចាប់តាំងពីការស្លាប់យុវជនឈ្មោះ​ Nahel អាយុ១៧ឆ្នាំនៅទីក្រុង Nanterre ក្រុមកុបកម្ម បានដុតរថយន្តនិងប្លន់ហាងនានា ថែមទាំងប៉ុនប៉ងចូលធ្វើឃាតចៅហ្វាយក្រុងមួយ ដល់ក្នុងផ្ទុះទៀតផង។

 

ក្រោយមក លោកប្រធានាធិបតី Emmanuel Macron បានពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីដោះស្រាយវិបត្តិដ៏អាក្រក់បំផុត ចាប់តាំងពីបាតុកម្ម “”អាវកាក់ពណ៌លឿង” ដែលធ្វើផ្នែកមួយចំនួននៃប្រទេសបារាំង​ ត្រូវជាប់គាំង កាលពីចុងឆ្នាំ២០១៨។យ៉ាងណាក្តី កុបកម្មបានរីករាលដាលដល់ប្រទេសក្រៅទៅទៀត ដោយនៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក បាតុករ បានស្រែករកយុត្តិធម៌ឲ្យ Nahel ចំណែកនៅទីក្រុង ឡូសាន នៃប្រទេសស្វីសវិញ បាតុករនាំគ្នាគប់គ្រាប់បែកសាំង។

ប៉ូលិសនៅទីក្រុង ឡូសាន និយាយថា “ដោយសារតែព្រឹត្តិការណ៍និងកុបកម្មកំពុងឆាបឆេះ ក្នុងប្រទេសបារាំង យុវជនជាងមួយរយនាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ឡូសាន និងថែមទាំងកម្ទេចហាងនានា ហើយបន្ទាប់ពីកុបកម្មនោះ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៧ នាក់ អាយុពី ១៥ ទៅ ១៧ ឆ្នាំ និងមានអាយុ ២៤ ឆ្នាំម្នាក់ផងដែរ”។

ស្របពេលជាមួយគ្នានោះ ក៏មានការចាប់ខ្លួនផងដែរនៅក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្សិក បន្ទាប់ពីមានការរំខានស្រដៀងគ្នានេះ៕