បើយោងតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមលោក Phung Duc Tien បានឲ្យដឹងថា សម្រាប់ឆមាសទី ១ នៃឆ្នាំនេះ វៀតណាម បាននាំចេញបន្លែផ្លែឈើទៅកាន់ទីផ្សារធំបំផុតរបស់ខ្លួនគឺប្រទេសចិនក្នុងតម្លៃជាង ១.២ ពាន់លានដុល្លារ ។ការទទួលបានកម្រៃជាង ១.២ ពាន់លានដុល្លារពីការនាំចេញនេះ កើនឡើង ៨០.២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងស្មើ ៦៣.៥ ភាគរយនៃការនាំចេញបន្លែ និងផ្លែឈើសរុបរបស់ប្រទេសវៀតណាម ។
ចំពោះកំណើនវិជ្ជមាននេះ ទីភ្នាក់ងារពាណិជ្ជកម្មបរទេសដែលស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា គឺដោយសារតែតម្រូវការក្នុងទីផ្សារចិនកើនឡើងខ្ពស់ ស្របពេលវៀតណាមស្ថិតក្នុងរដូវកំពុងប្រមូលផលផង ។
ដោយឡែក ក្រៅពីទីផ្សារចិន, វៀតណាមក៏បានកត់ត្រាអត្រាកំណើនវិជ្ជមានក្នុងការនាំចេញបន្លែ និងផ្លែឈើទៅកាន់ទីផ្សារផ្សេងទៀតផងដែរដូចជា កូរ៉េខាងត្បូង ជប៉ុន អារ៉ាប់រួម និងម៉ាឡេស៊ី ៕