Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា-អាម៉េរិក បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អ ដើម្បីបង្កើនវិនិយោគទុននៅកម្ពុជា

Media LNN | Jul 06, 2023
កម្ពុជា-អាម៉េរិក បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អ ដើម្បីបង្កើនវិនិយោគទុននៅកម្ពុជា
Clinic narith

រាជធានីភ្នំពេញ៖ កម្ពុជា-អាម៉េរិក បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានលក្ខណ:គ្រប់ជ្រុងជ្រោយ សំដៅបង្កើនទំហំពាណិជ្ជកម្ម វិនិយោគទុន និងបង្កើតឱកាសការងារបន្ថែមទៀត។ 

6486802d37855-38

នេះបើតាមការលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ផាទ្រីក មូរហ្វី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញពីការកត់សម្គាល់នូវវឌ្ឍនភាពនៃការស្តារឡើងវិញយ៉ាងឆាប់រហ័សនូវសេដ្ឋកិច្ចកម្ពុជា អាស្រ័យការគ្រប់គ្រង់បានយ៉ាងល្អនូវជំងឺកូវីដ-១៩ អត្រានៃការវ៉ាក់សាំងខ្ពស់ដែលធានាឱ្យមានការបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញ បានពេញលេញយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវ: សិទ្ធិការងារ និងការផ្តល់នូវកិច្ចគាំពារសង្គម តាមរយ:កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាំងនេះសុទ្ធតែជាកត្តាទាក់ទាញ់វិនិយោគទុន និងការបញ្ជាទិញទំនិញពីកម្ពុជាទៅទីផ្សារសហរដ្ឋអាម៉េរិក បើទោះជានៅមានកង្វល់ និងបញ្ហាសេសសល់ខ្លះដែលភាគីទាំងពីរកំពុងរួមគ្នាក្នុងការស្វែងរកដំណោះស្រាយក៏ដោយ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដែលជំរុញឱ្យការបញ្ជាទិញពីទីផ្សារសហរដ្ឋអាម៉េរិកកាន់តែមានកំណើន កំណើននេះគឺកើនទាំងបរិមាណផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ទំហំពាណិជ្ជកម្ម និងបន្ថែមនូវការនាំចេញផលិតផលកាបូប និងសម្ភារធ្វើដំណើរទៀតផង។ ក្នុងជំនួបដដែលនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើអនុសាសន៍មួយចំនួនដូចជា៖ ករណីពលកម្មកុមារ អំពើជួញដូរមនុស្ស ការធ្វើអធិការកិច្ចទីភ្នាក់ងារបញ្ជូនពលករ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ការធានានិរន្តរភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងការបន្តធ្វើឱ្យប្រសើរឡើងនូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: និងបន្តអនុលោមភាពស្របតាមបទដ្ឋានការងារអន្តរជាតិដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។ ជាមួយគ្នានេះ ភាគីអាម៉េរិកក៏នឹងបន្ដផ្តល់កិច្ចសហប្រតិបត្តិការជាច្រើនទៀត ពិសេសលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

គួររំលឹកផងដែរថា កម្ពុជាបានខិតខំទាញបានផលប្រយោជន៍ពីពាណិជ្ជកម្មកម្ពុជា-អាម៉េរិក បានចំណាត់ថ្នាក់ជាប្រទេសទី៤ ដែលនាំចេញទៅទីផ្សារអាម៉េរិក និងជាប្រទេសចំណាត់ថ្នាក់ទី៣ ដែលទទួលអត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ពីសហរដ្ឋអាម៉េរិក៕