អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក បានប្រកាសកាត់បន្ថយការផលិតប្រេងយ៉ាងច្រើនកាលពីថ្ងៃចន្ទ ដោយបានធ្វើឱ្យតម្លៃហក់ឡើងខ្ពស់ជាថ្មី បើទោះបីជាមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការកើនឡើងអត្រាការប្រាក់បន្ថែមពីធនាគារកណ្តាលសហរដ្ឋអាម៉េរិកក៏ដោយ ។
អង្គការ OPEC+ ដែលជាក្រុមអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ពន្ធមិត្តដែលដឹកនាំដោយរុស្ស៊ី បានប្រកាសកាត់បន្ថយការផ្គត់ផ្គង់ដើម្បីជំរុញតម្លៃរួចហើយ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ដោយសារតម្រូវការរបស់ប្រទេសចិនធ្លាក់ចុះ និងការកើនឡើងនៃការផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក ប៉ុន្តែរហូតមកដល់ពេលនេះ មិនអាចផ្លាស់ប្តូរតម្លៃបានច្រើនទេដោយតម្លៃប្រេងនៅតែស្ថិតនៅចន្លោះពី 70 ទៅ 80 ដុល្លារក្នុងមួយធុងបារ៉ែល ។
កាលពីថ្ងៃចន្ទទី៣ ខែកក្កដា អារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួននឹងបន្តកាត់បន្ថយទិន្នផលប្រេងដោយស្ម័គ្រចិត្តរបស់ខ្លួនចំនួនមួយលានបារ៉ែលក្នុងមួយថ្ងៃសម្រាប់រយៈពេលមួយខែទៀតដល់ខែសីហា ដោយបន្ថែមថាការកាត់បន្ថយអាចនឹងត្រូវបន្តលើសពីខែនោះ ។
ភ្លាមៗបន្ទាប់ពីការប្រកាសរបស់អារ៉ាប៊ីសាអូឌីត ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បាននិយាយថា ទីក្រុងម៉ូស្គូក៏នឹងកាត់បន្ថយការនាំចេញប្រេងរបស់ខ្លួនចំនួន 500,000 ធុងបារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហា។
ការកាត់បន្ថយនេះស្មើនឹង 1.5% នៃការផ្គត់ផ្គង់សកល ហើយនាំឱ្យចំនួនសរុបដែលកាត់បន្ថយដោយ OPEC + កើនដល់ 5.16 លានបារ៉ែល ។
ក្រសួងថាមពលអាល់ហ្សេរីបាននិយាយថា ខ្លួននឹងកាត់បន្ថយទិន្នផលប្រេងបន្ថែម 20,000 បារ៉ែលចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 31 ខែសីហា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីដើម្បីធ្វើឱ្យមានតុល្យភាព និងស្ថិរភាពទីផ្សារប្រេង ។
ក្រោយការប្រកាសនេះភ្លាម តម្លៃប្រេងប្រភេទ Brent crude បានកើនឡើង0.6% ឬ 43 សេន ។ ប្រេងឆៅរបស់អាម៉េរិក West Texas Intermediate បានកើនឡើង 0.6% ឬ 39 សេន ។