ភ្លៀងធ្លាក់មួយមេធំរយៈពេល ២ ម៉ោងក្នុងទីក្រុងហូជីមិញនៃប្រទេសវៀតណាមកាលពីល្ងាចថ្ងៃពុធ ទី៥ ខែកក្កដា បានបង្កឲ្យមានការជន់លិចផ្លូវថ្នល់ និងបានហូរចូលក្នុងផ្ទះប្រជាពលរដ្ឋផងដែរ ។យោងតាមមជ្ឈមណ្ឌលជលសាស្ត្ររបស់ទីក្រុងហូជិមិញបានឲ្យដឹងថា ភ្លៀងធ្លាក់កាលពីល្ងាចថ្ងៃពុធ គឺជាភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយសប្ដាហ៍ និងមានកម្ពស់រហូតដល់ ៧២ មិល្លីម៉ែត្រ បើប្រៀបធៀបទៅនឹងកម្ពស់ ៦៤ មិល្លីម៉ែត្រកាលពីថ្ងៃទី២៩ ខែមិថុនា ។
ទន្ទឹមនោះ ជំនន់ទឹកភ្លៀងដែលមានកម្ពស់ជាងកន្លះម៉ែត្រនេះ ក៏បានហៀរហូរចូលផ្ទះអ្នកក្រុងហូជីមិញជាច្រើនខ្នងផងដែរដែលរស់នៅផ្លូវលេខ ៥០៧, ផ្លូវ Quoc Huong ក៏ដូចជាផ្លូវ Nguyen Van Qua មុនពេលដែលកម្មករផ្នែកលូ និងប្រជាពលរដ្ឋបើកគម្របលូដើម្បីកាត់បន្ថយកម្ពស់ និងសម្ពាធទឹក ។ពាក់ព័ន្ធនឹងបញ្ហានេះដែរ មជ្ឈមណ្ឌលជលសាស្ត្របានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងគ្របដណ្ដប់ពេញក្នុងទីក្រុងហូជិមិញដែលចាប់ផ្ដើមពីម៉ោង ៤ ដល់ម៉ោង ៦ ល្ងាច គឺដោយសារតែសម្ពាធក្ដៅទាបនៅភាគខាងលិច បូករួមគ្នាជាមួយនឹងសម្ពាធខ្យល់ត្រូពិច ។
ជាចុងក្រោយ មជ្ឈមណ្ឌលជលសាស្ត្របានបញ្ជាក់ថា ទីក្រុងហូជីមិញ និងខេត្តមួយចំនួននៅភាគខាងត្បូង អាចនឹងបន្តកើតមានភ្លៀងធ្លាក់បន្ថែមទៀតក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ ៕