ឥណ្ឌា៖ តម្លៃអង្ករពិភពលោក ដែលឥឡូវនេះគឺខ្ពស់បំផុតហើយ ក្នុងរយៈពេល ១១ឆ្នាំនោះ ទំនងជានឹងឡើងថ្លៃបន្ថែមទៀត បន្ទាប់ពីប្រទេសឥណ្ឌា បានចាត់វិធានាការជំរុញការបង់ប្រាក់ដល់កសិករ ក៏ដូចជាបន្ទាប់ពីព្រឹត្តិការណ៍ El Nino គំរាមកំហែងដល់ទិន្នផលរបស់ប្រទេសផលិតសំខាន់ៗ និងបន្ទាប់ពីផលិតផលទំនិញសំខាន់ៗផ្សេងទៀតកាន់តែឡើងថ្លៃ សម្រាប់ប្រជាជនអាស៊ី និងអាហ្វ្រិក ដែលមានជីវភាពក្រីក្រ។
ប្រទេសឥណ្ឌាមានចំណែកច្រើនជាង ៤០ភាគរយនៃការនាំចេញអង្ករពិភពលោក ដែលមានចំនួន ៥៦លានតោន ក្នុងឆ្នាំ២០២២ ប៉ុន្តែបញ្ជីសារពើភ័ណ្ឌទាប មានន័យថា ការកាត់បន្ថយការនាំចេញណាមួយក៏ដោយ នឹងនាំឲ្យតម្លៃស្បៀងអាហារហក់ឡើងខ្ពស់ ដោយសារការលុកលុយរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន កាលពីឆ្នាំមុន និងដោយសារអាកាសធាតុមិនទៀងទាត់។
លោក B.V. Krishna Rao ដែលជាប្រធានសមាគមអ្នកនាំចេញអង្ករ (REA) បានប្រាប់សារព័ត៌មាន Reuters ថា៖ «ប្រទេសឥណ្ឌា គឺជាអ្នកផ្គត់ផ្គង់អង្ករ ដែលមានតម្លៃទាបបំផុត។ នៅពេលដែលអង្ករ នៅឥណ្ឌា បានឡើងថ្លៃ ដោយសារតែតម្លៃគាំទ្រអប្បបរមាថ្មី ប្រទេសផ្គត់ផ្គង់ផ្សេងទៀត ក៏បានចាប់ផ្តើមដំឡើងថ្លៃផងដែរ»។អង្ករគឺជាផលិតផលដ៏សំខាន់ សម្រាប់មនុស្សជាង ៣ពាន់លាននាក់ ហើយជិត ៩០ភាគរយនៃដំណាំដែលប្រើទឹកត្រូវបានផលិតនៅទ្វីបអាស៊ី ដែលលំនាំអាកាសធាតុ El Nino ជាធម្មតានាំឲ្យមានទឹកភ្លៀងកម្រិតទាប។ តែទោះបីជានៅមុនបាតុភូតអាកាសធាតុ អាចរំខានដល់ការផលិតក៏ដោយ ក៏សន្ទស្សន៍តម្លៃអង្ករពិភពលោករបស់អង្គការស្បៀងអាហារ និងកសិកម្ម បានស្ថិតនក្នុងថ្លៃខ្ពស់រួចហើយ ក្នុងរយៈពេល ១១ឆ្នាំ។
តម្លៃនៃការនាំចេញអង្កររបស់ឥណ្ឌា បានហក់ឡើង ៩ភាគរយ ពោលគឺដល់កម្រិតខ្ពស់រយៈពេល ៥ឆ្នាំ បន្ទាប់ពីការកើនឡើង ៧ភាគរយ កាលពីខែមុន នៅក្នុងតម្លៃដែលរដ្ឋាភិបាលបង់ឲ្យកសិករ ដើម្បីទិញអង្ករធម្មតារដូវថ្មី។ តម្លៃនាំចេញ ក្នុងប្រទេសថៃ និងវៀតណាម បានកើនឡើងដល់កម្រិតខ្ពស់រយៈពេលជាង ២ឆ្នាំ ចាប់តាំងពីមានផែនការលើកទឹកចិត្ត ដែលធ្វើឡើង ក្នុងគោលបំណងទាក់ទាញសំឡេងឆ្នោតរបស់កសិករ នៅក្នុងការបោះឆ្នោតរដ្ឋសំខាន់ៗរបស់ឥណ្ឌា នាឆ្នាំនេះ និងការបោះឆ្នោតទូទៅ នៅឆ្នាំក្រោយ៕