Alynana Media Cambodia
Icon Collap
clinic narit

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចក្រភព​អង់គ្លេស ក្នុង​រយៈពេល​ ៥ ​ខែ មានតម្លៃ​ជិត ៣១៥​ លាន​ដុល្លារ​

Media LNN | Jul 06, 2023
ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចក្រភព​អង់គ្លេស ក្នុង​រយៈពេល​ ៥ ​ខែ មានតម្លៃ​ជិត ៣១៥​ លាន​ដុល្លារ​
Clinic narith

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចក្រភព​អង់គ្លេស រយៈពេល ៥ ​ខែ​ដំបូង ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប​ជិត ៣១៥​ លាន​ដុល្លារ ធ្លាក់ចុះ​ជាង ១២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល ដូចគ្នា​ឆ្នាំ ​២០២២ ដោយ​ក្នុងនោះ​ការ​នាំចេញ​របស់​កម្ពុជា​ធ្លាក់ចុះ​រហូត​ជាង ១៦ ​ភាគរយ​។ នេះ​បើ​យោងតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ បង្ហាញថា ពី​ខែមករា​-​ខែឧសភា ឆ្នាំ​ ២០២៣ ការនាំចេញ​-​ចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៣១៤,៩១​ លាន​ដុល្លារ ថយចុះ​ ១២,៦​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ៣៦០,៣៨​ លាន​ដុល្លារ​។

​ចក្រភព​អង់គ្លេស គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ១១ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ ជាដើម​។ ក្នុង​ចំនួន​ទឹកប្រាក់​ខាងលើ គឺ​ទំនិញ​កម្ពុជា​នាំទៅ​ចក្រភព​អង់គ្លេស ២៧៥,០៣ ​លាន​ដុល្លារ ថយចុះ ១៦,៦ ​ភាគរយ ចំណែក​អង់គ្លេស​នាំមក​កម្ពុជា ​៣៩,៨៨​ លាន​ដុល្លារ​កើនឡើង ៣០,១ ​ភាគរយ​។ បើ​ផ្អែក​តាម​តារាង​តុល្យភាព គឺ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​កម្ពុ​ជាមាន​ឧត្តមភាព ២៣៥,១៥ ​លាន​ដុល្លារ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ ខែកក្កដា​ថា មូលហេតុ​ដែល​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អង់គ្លេស ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​ធ្លាក់ចុះ គឺ​ដោយសារ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិនល្អ​។ សញ្ញា​នេះ​បាន​លេចឡើង​តាំងពីដើម​ឆមាស​ទី​២ ឆ្នាំ​ ២០២២ មក​ម្ល៉េះ ពោល​បន្ទាប់ពី​សង្គ្រាមរ​វាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ផ្ទុះឡើង​។ ក្នុងដំណាក់កាល​នេះ ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ធ្លាក់ចុះ​នៅ​ស្ទើរ​គ្រប់​គោលដៅ​។​

​លោក​ថ្លែងថា​៖ «​វា​មិន​ចម្លែក​ទេ​ដែល​ការនាំ​ទំនិញ​ចេញទៅ​ចក្រភព​អង់គ្លេស​ធ្លាក់ចុះ ព្រោះ​មុខទំនិញ​ដែល​កម្ពុជា​នាំចេញ​ភាគច្រើន​ជា​ផលិតផល​វាយ​ន​ភណ្ឌ និង​កង់​ជាដើម​។ ដំណាក់​កាល​នេះ ការនាំចេញ​ទំនិញ​ក្រៅពី​ផលិតផល​កសិកម្ម មិនសូវមាន​សញ្ញា​ល្អ​ទេ​»​។​

 

​លោក​បន្តថា នេះ​ក៏​ជា​ពេល​មួយ​ដែល​កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​របស់ខ្លួន​ដើម្បី​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ពិភពលោក​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ទោះ​កូ​វីដ​ ១៩ មិន​បង្ក​ការគំរាមកំហែង ប៉ុន្តែ​ឥទ្ធិពល​នៃ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន គឺ​ពិតជា​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​រង្គោះរង្គើ និង​ធ្វើឱ្យ​ប្រទេស​នីមួយៗ​រឹតត្បិត​ការ​ចំណាយ​មិនចាំបាច់​។​

​លោក​លើកឡើងថា​៖ «​កន្លងមក​កម្ពុជា​ដែល​តែង​នាំចេញ​ទំនិញ​ជាច្រើន​ទៅ​លក់​នៅ​ចក្រ​​ភព​អង់គ្លេស គឺ​ប្រាកដជា​ទទួលរង​ផលប៉ះពាល់​ក្នុង​រយៈពេល​ប្រមាណ​ ១​ ឆ្នាំ​មកនេះ​»​។​

​លោក​ប្រាប់ទៀតថា ទោះជា​យ៉ាងណា សកម្មភាព​ពាណិជ្ជ​កម្ម​អន្តរជាតិ​នាពេលនេះ​បានចាប់ផ្តើម​មាន​ពន្លឺ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។ ចក្រភព​អង់​គ្លេ​ស គឺជា​ទីផ្សារ​ធំ ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា ហើយក៏​កំ​ពុង​តែ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ DCTS ឱ្យ​កម្ពុជា​ផងដែរ​។​

​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចក្រភព​អង់គ្លេស មាន​ទឹកប្រាក់​សរុប​ជិត ៩៧៧,៤៤​ លាន​ដុល្លារ កើន ២៣,៩៨​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ចំនួន​ ៨៨៦,៤២ ​លាន​ដុល្លារ កើន​ ២១,១ ​ភាគរយ និង​អង់គ្លេស នាំចូល ៩១,០២ ​លាន​ដុល្លារ កើន ៦០,២​ ភាគរយ​៕