(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ព្យាករសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ នឹងមានកំណើន ៥,៥ ភាគរយ ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២ ភាគរយ ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុ ស្ថានភាព ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២២ នៅថ្ងៃទី ៦ ខែ កក្តដា ឆ្នាំ២០២៣នេះថា ហានិភ័យសក្តានុពលចម្បងៗមានប្រភពពីកត្តាខាងក្រៅ ដោយសារការបើកចំហរសេដ្ឋកិច្ច ក៏ដូចជាការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។
ដោយហានិភ័យមួយមានដូចជា៖ ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃការនាំចេញ និងការវិនិយោគចូលមកកម្ពុជា។
ក្រៅបញ្ហាខាងលើ គឺមានការអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុន អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ។
ទន្ទឹមនឹងហានិភ័យខាងក្រៅ, ហានិភ័យសក្តានុពលខាងក្នុង ក៏ត្រូវយកចិត្តទុកដាក់ និងតាមដានផងដែរ ដែលក្នុងនោះអាចកើតមានឡើងពីវិស័យអចលនទ្រព្យ។ ជាក់ស្តែងក្នុងរយៈពេលប្រមាណ ១ ទសវត្សរ៍មុនពេលវិបត្តិកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុក ដោយសារវិបត្តិកូវីដ និងការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជា បានធ្វើឱ្យតម្រូវការក្នុងវិស័យនេះធ្លាក់ចុះជាលំដាប់។
ស្ថានភាពនេះទាមទារឱ្យមានការតាមដានយ៉ាងប្រុងប្រយ័ត្ន ជាពិសេសលើការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការយ៉ាងជិតស្និតរវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យទៀត៕