ទីផ្សារប្រេងលក់រាយនៅកម្ពុជា ត្រូវបានប្រកាសជាទៀងទាត់ដោយក្រសួងពាណិជ្ជកម្ម ដែលចាប់ពីព្រឹកថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ តម្លៃប្រេងសាំងដែលត្រូវលក់ត្រឹម ៤ ១៥០ រៀល/ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង តម្លៃ ៣ ៩៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។
បើតាមតម្លៃខាងលើនេះបានឱ្យដឹងថា តម្លៃលក់រាយសម្រាប់សាំងធម្មតាគឺចុះថ្លៃ ០,៥០រៀលក្នុងមួយលីត្រ ហើយចំពោះម៉ាស៊ូតវិញគឺនៅតម្លៃដដែល ខណៈតម្លៃប្រេងសាំងកាលសប្ដាហ៍មុនលក់ក្នុងតម្លៃ ៤ ២០០ រៀល/ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣ ៩៥០ រៀល/ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។
បណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ AMS ថា ការបញ្ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ក្នុងពេលដែលមានតម្រូវការខ្ពស់អាចបណ្តាលជួយកាត់បន្ថយចំណាយលើប្រេងសាំងបានច្រើន ដោយមានការប្រើប្រាស់ប្រចាំថ្ងៃកំពុងមានតម្រូវការជាចាំបាច់។