ចិននឹងរក្សាការហាមប្រាមលើការនាំចូលអាហារពីប្រទេសជប៉ុន ប្រហែលមួយភាគប្រាំជុំវិញហេតុផលសុវត្ថិភាព ដោយលើកឡើងពីវិធានការរបស់ជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រ...។
ប្រទេសចិន ដែលជាអតិថិជនដ៏ធំបំផុតនៃការនាំចេញអាហារសមុទ្ររបស់ប្រទេសជប៉ុន បានបញ្ជាក់ថា ខ្លួននឹងត្រួតពិនិត្យមើលយ៉ាងតឹងរ៉ឹងលើឯកសារសម្រាប់ម្ហូបអាហារ ជាពិសេសគ្រឿងសមុទ្រ។ លើសពីនេះ គយចិន បានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តពង្រឹងការត្រួតពិនិត្យសារធាតុវិទ្យុសកម្ម ដើម្បីធានាសុវត្ថិភាពចំណីអាហារដែលនាំចូលពីប្រទេសជប៉ុន ក្នុងការហាមឃាត់អាហារពីខេត្តចំនួន១០។ មិនត្រឹមតែប៉ុណ្ណោះ ចិនបានអះអាងថា វិធានការនេះ គឺដើម្បីការពារការនាំចេញអាហារជប៉ុន ដែលមានជាតិវិទ្យុសកម្មទៅកាន់ប្រទេសចិន និងការពារសុវត្ថិភាពចំណីអាហារនៃការនាំចូលសម្រាប់ប្រជាជនចិន។អស់ជាច្រើនសប្តាហ៍មកហើយ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានចម្រោះចេញពីរោងចក្រនុយក្លេអ៊ែរហ្វូកូហ្ស៊ីម៉ា (Fukushima) ចូលទៅក្នុងមហាសមុទ្រ។ ខណៈ អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលជាទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅសប្តាហ៍នេះ បានបើកភ្លើងខៀវដល់ប្រទេសជប៉ុន ដើម្បីចាប់ផ្តើមបញ្ចេញទឹកជាងមួយលានតោន ដែលប្រើសម្រាប់ធ្វើឱ្យត្រជាក់ដល់ម៉ាស៊ីនប្រេងឥន្ធនៈរបស់រោងចក្រ បន្ទាប់ពីវាត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិឆ្នាំ ២០១១។ ជាចុងក្រោយ គយចិនបានបញ្ជាក់ថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវទស្សនៈរបស់អ្នកជំនាញទាំងអស់ ដែលពាក់ព័ន្ធនឹងដំណើរការវាយតម្លៃនោះទេ ហើយការសន្និដ្ឋានមិនត្រូវបានគាំទ្រជាឯកច្ឆន្ទដោយអ្នកជំនាញផងដែរ៕